ព័ត៌មានជាតិ

បបួលទៅមើលរាំវង់ ត្រឡប់មកវិញដល់កន្លែងស្ងាត់ចាប់រំលោភបូក

ស្ទឹងត្រែង: ជនសង្ស័យពីរនាក់ ត្រូវសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ធ្វើការឃាត់ខ្លួនកាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ ត្រង់ចំណុចក្បាលអូរលែង ភូមិសំអាង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ពាក់ព័ន្ធករណីចាប់រំលោភបូក បន្ទាប់ពីសមត្ថកិច្ចបានទទួលបានពាក្យបណ្តឹងពីនារីរងគ្រោះ។

នារីរងគ្រោះបានឲ្យ​ post news ដឹងថា រូបនាងនិងជនសង្ស័យ គឺជាអ្នកស្គាល់គ្នាតាមទូរសព្ទរយ:ពេលជិតកន្លះខែមកហើយ ព្រមទាំងធ្លាប់ឃើញមុខគ្នាម្តងកាលទៅលេងបុណ្យនៅវត្តស្រែឫស្សី។ លុះនៅយប់កើតហេតុ រូបនាងត្រូវជនសង្ស័យតេបបួលមកលេងបុណ្យ ស្ថិតក្នុងភូមិសំអាង ឃុំឆ្វាំង ស្រុកថាឡាបរិវ៉ាត់ ដោយមានដាក់បាស់រាំលេងកម្សាន្ត។

ក្រោយពីចប់ធុងបាស់ជនសង្ស័យក៏បាននាំរូបនាងត្រឡប់មកផ្ទះវិញ ដោយជនសង្ស័យមានគ្នា២នាក់ ជិះម៉ូតូ២គ្រឿង ម្នាក់ឌុបមិត្តភក្តិនារីរងគ្រោះ និងម្នាក់ទៀតឌុបរូបនាង ខណ:កំពុងឌុប​រូបនាងមកផ្ទះនៅវេលាម៉ោងប្រមាណ១១និង៣០នាទីយប់ជិតឈានចូលថ្ងៃទី៣១ ខែឆ្នាំដដែល ពេលមកដល់ចំណុចទួលគឹម ភូមិសំអាង ឃុំស្រែឫស្សី ស្រុកថាឡាបរិវ៉ាត់ កន្លែងស្ងាត់ជនសង្ស័យក៏បានឈប់ម៉ូតូ រួចចាប់រូបនាងរំលោភតែម្តង។

ដោយឃើញសភាពការមិនសូវស្រួលមិត្តភក្តិរបស់នាងក៏បានរត់ទៅប្តឹងសមត្ថកិច្ចភ្លាមៗផងដែរ ប៉ុន្តែទម្រាំតែសមត្ថកិច្ចមកដល់នារីរងគ្រោះ ត្រូវបានជនសង្ស័យនាំគ្នាចាប់រំលោភម្តងម្នាក់ៗរួចស្រេចបាត់ទៅហើយ។

ក្រោយហេតុការណ៍កើតម្តាយនារីរងគ្រោះក៏បានទៅប្តឹងសមត្ថកិច្ច។ លុះព្រឹកឡើងសមត្ថកិច្ចក៏ឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ខាងលើ ដើម្បីមកសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនទី១.ឈ្មោះ ខា វុទ្ធី អាយុ៣១ឆ្នាំ និងទី២ឈ្មោះ ងិល យ៉ាន អាយុ២៣ឆ្នាំ អ្នកទាំងពីររស់នៅភូមិអូរត្រែលស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ចំណែកនារីរងគ្រោះឈ្មោះ ស ដ អាយុ១៧ឆ្នាំ រស់នៅភូមិអន្លង់ក្រមួន ស្រុកថាឡាបរិវ៉ាត់៕

មតិយោបល់