ប៉ៃលិនៈ ហេតុការណ៍គួររន្ធត់មួយបានកើតឡើង ក្រោយពីបុរសម្នាក់បានសុំប្រពន្ធទៅមើលចម្ការដំឡូងមីនៅឯភ្នំស្រង់ ស្រាប់តែបាត់ខ្លួនរហូតមិនឃើញមកផ្ទះវិញ ដោយប្រពន្ធបាត់ប្តីយូរមិនឃើញត្រឡប់មកផ្ទះវិញ ហើយក្រុមគ្រួសារដើររកក៏ប្រទះឃើញដេកស្លាប់នៅលើភ្នំ និងមានស្នាមរបួសនៅលើសៀតផ្កាខាងស្តាំ។ ហើយក៏បានរាយការណ៍ជូនសមត្ថកិច្ចឲ្យចុះទៅត្រួតពិនិត្យ ដោយសង្ស័យមានករណីឃាតកម្មទៅលើជនរងគ្រោះ ដោយសារគំនុំរឿងអ្វីមួយ។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង១ និង៤៥នាទីរសៀល ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅចំណុចលើភ្នំស្រង់មានជ័យ ក្នុងភូមិស្រង់មានជ័យ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ហេង រ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ រងរបួសមុតចូលទៅក្នុងសៀតផ្កាខាងស្តាំ ស្លាប់នៅលើភ្នំស្រង់ ស្នាក់នៅភូមិតាង៉ែនក្រោម ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។
ប្រភពដដែលបន្តថា មុនពេលកើតហេតុ ជនរងគ្រោះបានប្រាប់ប្រពន្ធ ថារូបគាត់សុំប្រពន្ធជិះម៉ូតូទៅមើលដំណាំដំឡូងមីនៅកន្លែងភ្នំស្រង់មួយភ្លែត ប្រហែលជាត្រឡប់មកហូបបាយផ្ទះវិញ លុះប្រពន្ធចាំហូបបាយជួបជុំគ្នាមិនឃើញ ដោយចាំបាត់ៗ រហូតដល់ម៉ោង១រសៀល ទើបនាំគ្នាចេញទៅរកមើលឯចម្ការមិនឃើញ ក៏នាំគ្នាដើររកលើភ្នំក៏ឃើញជនរងគ្រោះដេកស្លាប់នៅទីនោះ តែម្តង ដោយមានរបួសនៅលើក្បាល ក៏ដឹកយកមកផ្ទះ រួចប្តឹងសមត្ថកិច្ចឲ្យចុះទៅត្រួតពិនិត្យមើល ។
ក្រោយពេលពិនិត្យសាកសពរួច កម្លាំងជំនាញសមត្ថកិច្ចខេត្តប៉ៃលិន បានឃើញថា ក្បាលជនរងគ្រោះត្រង់ផ្នែកជើងសក់ខាងស្ដាំ មានស្នាមមុតចូលប្រមាណមួយហ៊ុនដែលរងរបួសដោយវត្ថុរឹង ដោយសង្ស័យថា ជាករណីឃាតកម្មចាក់សម្លាប់។
ពាក់ព័ន្ធនឹងករណីនេះ បច្ចុប្បន្នកម្លាំងជំនាញកំពុងធ្វើការស៊ើបអង្កេត ស្រាវជ្រាវរកជនដៃដល់ ដើម្បីចាត់ការតាមផ្លូវច្បាប់៕
មតិយោបល់