ព័ត៌មានជាតិ

ឃាតកម្មស្វាគមន៍ឆ្នាំថ្មី! ឃាតកដៃឆៅ​អារ.កសម្លាប់មនុស្ស៣នាក់ក្នុងបន្ទប់ជួល

សៀមរាបៈ យ៉ាងហោចណាស់មនុស្ស៣នាក់ ត្រូវឃាតកដៃឆៅ​អារ.កសម្លាប់នៅក្នុងបន្ទប់ជួល បណ្ដាលឲ្យ​បុរស២នាក់ស្លាប់ និងស្ត្រីម្នាក់រងរបួស់ធ្ងន់។ ឃាតកម្មដ៏សាហាវនេះ បង្កឲ្យ​មានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី១ ខែមករាឆ្នាំ២០១៧ នៅចំណុចបន្ទប់ជួលក្រុមទី៦ ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទាំង៣នាក់ ទី១ឈ្មោះ ឃុន សុយឹន ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរធ្វើការនៅក្រុមហ៊ុនអាហារបំប៉ន មានស្រុកកំណើតភូមិស្រែស្រូវ ឃុំល្បើក ស្រុកឈូក ខេត្រកំពត(ស្លាប់)។ ទី២ឈ្មោះ វេត រដ្ឋា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ ធ្វើការជាមួយ​គ្នា មានស្រុកកណើតនៅភូមិគោកព្រិច ឃុំសូភី ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ(ស្លាប់)។ ទី៣ឈ្មោះ ឡេង ស្រីពៅ ភេទស្រី អាយុ២៥ឆ្នាំ មុខរបរធ្វើការក្រុមហ៊ុនជាមួយគ្នាស្រុកកំណើតនៅភូមិ ឃុំការ៉នជោ ឃុំអង្កាញ់ ស្រុកទ្រាំង ខេត្តតាកែវ រងរបួសធ្ងន់ កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ក្នុងចំណោមជនរងគ្រោះទាំង៣នាក់នេះ មាន​២នាក់ជាប្ដីប្រពន្ធនឹងគ្នា។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា ស្ដ្រីដែលរងរបួសធ្ងន់ ដែលត្រូវឃាតកអារ-ក និងកាត់ដៃម្ខាងចោល នៅមានដង្ហើម ក៏បានខលទៅបងប្អូនមកជួយ ហើយពេលនេះ នាងកំពុងស្ថិតក្នុងការសង្គ្រោះបន្ទាន់នៅមន្ត្រីរពេទ្យ មិនទាន់ដឹងពីជោគវាសនារបស់នាង ទៅជាយ៉ាងណានៅឡើយ។

ស្នងការនគរបាលរងនគរបាលខេត្តសៀមរាប លោក ភឹង ចិន្តារ៉េត បានបញ្ជាក់ឲ្យដឹងនៅរសៀលថ្ងៃទី១ ខែមករា ឆ្នាំ២០១៧នេះថា កម្លាំងនគរបាលរបស់លោក បានកំណត់អត្តសញ្ញាណជនសង្ស័យបានហើយ ហើយបាននឹងកំពុងស្រាវជ្រាវតាមចាប់ខ្លួន។ លោកថា លោកមិនទាន់ហ៊ានប្រាប់ថា មានជនសង្ស័យប៉ុន្មាននាក់នោះទេ ដែលធ្វើសកម្មភាពចូលទៅប្លន់ទ្រព្យសម្បត្តិ តែជនរងគ្រោះដឹងទាន់ក៏សម្លាប់តែម្តង៕

មតិយោបល់