ព័ត៌មានជាតិ

ទាក់ឆ្កែនគរបាលប៉ុស្ដិ៍ ជាប់ខ្នោះសមត្ថកិច្ច

ភ្នំពេញៈ ជនសង្ស័យជាចោរទាក់ឆ្កែ២នាក់ បានធ្វើសកម្មភាពទាក់ឆ្កែលោកនាយរងប៉ុស្ដិ៍នគរបាលភ្លើងឆេះរទេះម្នាក់ បានសម្រេចចំនួន៣ក្បាល ហើយត្រូវបានម្ចាស់ទាន់ធ្វើការចាប់ខ្លួនបានជាបន្តបន្ទាប់ កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ នៅក្នុងភូមិក្រាំងដូនទៃ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យដែលត្រូវចាប់ខ្លួនខាងលើនេះ ទី១មានឈ្មោះ ជុំ ជឺន ហៅអារ៉ែង អាយុ៣៤ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅក្នុងភូមិបង្កៃ ឃុំដូនស ស្រុកស្វាយជ្រុំមខេត្តស្វាយរៀង និងម្នាក់ទៀតឈ្មោះ ភាន ទិត្យ ហៅរត័្ន អាយុ២២ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅក្នុងភូមិជាមួយគ្នា សព្វថ្ងៃស្នាក់នៅធ្វើការនៅក្នុងភូមិកើត ហេតុខាងលើ។ ចំណែកមន្រ្តីនគរបាលដែលជាម្ចាស់ឈ្មោះ ថេង ធុច អាយុប្រហែល៤០ឆ្នាំ មានឋានៈ ជានាយរងនគរបាលប៉ុស្ដិ៍ភ្លើងឆេះរទេះ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុក្រុមជនសង្ស័យខាងលើ បាននាំគ្នាធ្វើសកម្មភាព ទាក់និងដេញវាយឆ្កែទាំងនោះ បណ្ដាលឲ្យងាប់ជាបន្តបន្ទាប់ ចំនួន៣ក្បាល នៅក្នុងពេលនោះ ត្រូវបានម្ចាស់ឃើញទាន់ ក៏បានឃាត់ខ្លួនបានម្នាក់ភ្លាមៗនៅនឹងកន្លែង។ បន្ទាប់មកបានប្ដឹងនគរបាលប៉ុស្ដិ៍ ចោមចៅឲ្យចុះទៅជួយធ្វើការឃាត់ខ្លួនបក្ខពួកម្នាក់ទៀត ដោយដកហូតបានខ្មោចឆ្កែចំនួន៣ក្បាល ក្នុងនោះមាន ឆ្កែ១ក្បាលបានកោសរួចទៀតផងដែរ ។ ក្រោយពេលចាប់ខ្លួននគរបាល បាននាំជនទាំងពីរនាក់នោះ ទៅកាន់ ប៉ុស្ដិ៍ចោមចៅ ដើម្បីសាកសួរនិងកសាងសំណុរឿងចាត់ការតាមច្បាប់។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំងនោះបានសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាព ទាក់និងដេញ វាយសម្លាប់ឆ្កែនោះមែន ប៉ុន្តែពួកខ្លួនមិនបានដឹងថា វាជាឆ្កែរបស់លោកនាយរងប៉ុស្ដិ៍នោះដែរ ស្មានតែឆ្កែ អនាថាគ្មានម្ចាស់ ព្រោះឆ្កែទាំង៣ក្បាលនោះ បានទៅខាំឆ្កែរបស់ខ្លួនដល់កន្លែងស្នាក់នៅ ទើបខ្លួនវាយ សម្លាប់ដើម្បីយកទៅលក់លុយចាយខ្លះ និងធ្វើម្ហូបខ្លះ ហើយប្រសិនបើដឹងថា វាជាឆ្កែមានម្ចាស់ហើយជារបស់លោកនាយរងនគរបាលប៉ុស្ដិ៍ថែមទៀតនោះ ប្រហែលជាពួកខ្លួនមិនហ៊ានវាយសម្លាប់វាយកទៅលក់និងធ្វើម្ហូបនោះទេ៕

https://youtu.be/9qqwG8yae2o

មតិយោបល់