កំពង់ស្ពឺ:អ្នកបរបាញ់សត្វព្រៃចំនួន ៥នាក់ សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ នៅរសៀលថ្ងៃទី ០៥ ខែឧសភា ឆ្នាំ២០១៦ នេះ ចាត់ការបន្តតាមផ្លូវច្បាប់ ។
នគរបាលព្រហ្មទណ្ឌ ខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ក្រុមជនសង្ស័យ ត្រូវបានកំលាំងជំនាញ ធ្វើបង្ក្រាបពីបទលាក់ទុកអាវុធដោយខុសច្បាប់ ដើម្បីបរបាញ់សត្វព្រៃ កាលពីព្រឹកថ្ងៃទី ០៣ ខែឧសភា ឆ្នាំ២០១៦ កន្លងមកនេះ ស្ថិតត្រង់ចំណុចជ្រលងភ្នំ ខាងត្បួងស្ទឹងតាសាល ក្នុងភូមិតាសាល ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
ជនសង្ស័យ ៥នាក់ ដែលត្រូវសមត្ថកិច្ចបង្ក្រាបទី ១-ឈ្មោះធូ ធីម ,ទី២-ឈ្មោះឡាយ លីម, ទី៣-ឈ្មោះប៊ុន រិទ្ធ, ទី៤ឈ្មោះលឹម ហាន និងទី៥ វង់ វ៉េង ពួកគេបានទីលំនៅភូមិដក់ពរ ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ សមត្ថកិច្ច បានដកហូត អាវុធចំនួន ០២ដើម ក្នុងនោះអាវុធ AK បត់ ០១ដើម, បង់០១ និងគ្រាប់ចំនួន៣៨គ្រាប់, អាវុធខ្យល់កែច្នៃ បាញ់គ្រាប់កង់ ០១ដើម និងឆ្អឹងសត្វប្រើសមួយចំនួន ព្រមទាំងវត្ថុតាងមួយចំនួនទៀត។
លោកវរៈសេនីយ៍ត្រី សម សាក់ នាយការិយាល័យ ព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាន ខេត្តកំពង់ស្ពឺ បានប្រាប់ នៅរសៀលថ្ងៃទី ០៥ ខែឧសភានេះ ក្រុមព្រានព្រៃ ដែលរក្សាអាវុធជាតិផ្ទុះ ដោយគ្មានច្បាប់ អនុញ្ញាតទាំង ៥នាក់ នោះ ត្រូវបានកំលាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕
មតិយោបល់