ព័ត៌មានជាតិ

សមត្ថកិច្ចឆ្មក់បង្ក្រាបទីតាំងកែច្នៃផលិតគ្រឿងញៀនមួយកន្លែង ឃាត់ខ្លួនជនជាតិវៀតណាម២នាក់ រួមនិងគ្រឿងផ្សំមួយចំនួនធំ

ភ្នំពេញៈ សមត្ថកិច្ចខណ្ឌឫស្សីកែវ ដឹកនាំដោយលោកវរៈសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការខណ្ឌ បានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះ ធ្វើការឆ្មក់ចូលបង្ក្រាបទីតាំងកែច្នៃផលិតគ្រឿងញៀន មួយកន្លែង នៅខាងក្រោយប៉ុស្តិ៍នគរបាលទួលសង្កែ ដោយឃាត់ខ្លួនបានជនសង្ស័យ២នាក់ កាលពីវេលាម៉ោង ៤ល្ងាច ថ្ងៃទី១ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្ទះមាត់ទន្លេ ដែលជាតំបន់មិនមានរបៀបរៀបរយ ក្រុម១៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ដែលចាប់ខ្លួនបានខាងលើ ទី១មានឈ្មោះ ជួញ ស្រីញ៉ា ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិវៀតណាម មុខរបរ លក់បង្អែម និងជនសង្ស័យទី២ឈ្មោះ វ៉ាន់ សុភា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ។ បច្ចុប្បន្នអ្នកទាំង២នាក់មានទីលំនៅផ្ទះមាត់ទន្លេ ក្រុម១៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។

សមត្ថកិច្ចបានបន្តទៀតថា នៅក្នុងប្រតិបត្តិការនេះដែរ ដោយសារតែមានបទបញ្ជាពីនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បញ្ជាឲ្យកម្លាំងសមត្ថកិច្ចទាំង១២ខណ្ឌ ចុះបង្ក្រាបករណីជួញដូរ និងចែកចាយគ្រឿងញៀនឲ្យខានតែបាន ដើម្បីទប់ស្កាត់នូវបទល្មើសទាំងនេះ។

ក្រោយពីបានទទួលបានបញ្ជានេះ លោកវរៈសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការខណ្ឌ បានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះ ឆ្មក់ចូលបង្ក្រាបទីតាំងកែច្នៃផលិតគ្រឿងញៀន មួយកន្លែង នៅខាងក្រោយប៉ុស្តិ៍នគរបាលទួលសង្កែ ដែលជាតំបន់មិនមានរបៀបរៀបរយ ដោយសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនបានជនសង្ស័យ២នាក់ និងបានដកហូតមួយចំនួនរួមមាន៖ ម្សៅក្រាមពណ៌សថ្លា ចំនួន១៤កញ្ចប់, ថ្នាំគ្រាប់ពណ៌ក្រហម ប្រភេទយ៉ាម៉ា (W.Y) ផលិតរួចចំនួន ៣៧គ្រាប់, ថ្នាំគ្រាប់ប្រភេទគ្រវី(ខេ) ចំនួន ៨គ្រាប់, សារធាតុផ្សំសម្រាប់កែច្នៃ ថ្នាំគ្រវីពណ៌សចំនួន ៣កញ្ចប់, សារធាតុផ្សំសម្រាប់កែច្នៃថ្នាំក្រវីពណ៌ក្រហមចំនួន ៤កញ្ចប់, សារធាតុផ្សំសម្រាប់កែច្នៃថ្នាំគ្រវីពណ៌ទឹកក្រូចចំនួន ១ប្រអប់, សារធាតុផ្សំសម្រាប់កែច្នៃថ្នាំគ្រវីពណ៌លឿងចំនួន ១ដប, សារធាតុផ្សំសម្រាប់កែច្នៃថ្នាំគ្រវីពណ៌ស្លាទុំចំនួន ១ដប, ឧបករណ៍ផលិតកែច្នៃ(ពុម្ព) យ៉ាម៉ា (W.Y) ចំនួន ១៣ដុំ និង ម៉ាស៊ីនអ៊ុតថង់ផ្លាស្ទិច រួមនិងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀន ព្រមទាំងសម្ភារៈបម្រើសកម្មភាពមួយចំនួន

បច្ចុប្បន្នជនសង្ស័យទាំង ២នាក់ខាងលើ រួមនិងវត្ថុតាង ត្រូវសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមផ្លូវច្បាប់៕

https://youtu.be/5ZYfmY3839E

មតិយោបល់