កណ្តាលៈ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹង បណ្តាលឲ្យមនុស្សចំនួន៤នាក់ ស្លាប់និងរបួសធ្ងន់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង២០នាទី យប់ថ្ងៃទី១ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុចលើកំណាត់ផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ ៣១-៣២ ក្នុងភូមិតាឡឹក ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
ជនរងគ្រោះដែលស្លាប់និងរបួសខាងលើ ទី១មានឈ្មោះ អ៊ុង ចន្ធារិទ្ធិ ភេទប្រុសអាយុ៤៤ ឆ្នាំ ស្នាក់នៅភូមិឫស្សីក្រោក ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ (ស្លាប់នៅនឹងកន្លែង) ចំណែកអ្នករងរបួសធ្ងន់៣នាក់ ទៀតមិនទាន់ស្គាល់អត្តសញ្ញានៅឡើយ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញម៉ូតូមួយគ្រឿងម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FX-6304 បើកបរដោយបុរសម្នាក់រួមដំណើរជាមួយនឹងមនុស្សម្នាក់ទៀតនៅខាងក្រោយ បើកបរក្នុងទិសដៅពីភ្នំពេញទៅតាកែវ តាមបណ្តោយផ្លូវខាងលើ លុះបានមកដល់ចំណុចកើតហេតុ ក៏បានបុកជាមួយនឹងម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខ ភ្នំពេញ 1CI-3051 ជិះឌុបគ្នា២នាក់ ក្នុងទិសដៅពីតាកែវ មកភ្នំពេញ បញ្ច្រាសទិសគ្នាយ៉ាងពេញទំហឹង បណ្តាលឲ្យបុរសម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ និង៣នាក់របួសធ្ងន់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញ បានចុះមកធ្វើការពិនិត្យនិងវាស់វែង ដោយបាននាំយកម៉ូតូទាំង២គ្រឿង យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយតាមផ្លូវច្បាប់ ៕
មតិយោបល់