ព័ត៌មានជាតិ

បោសសម្អាតក្រុមជួញដូរ និងប្រើប្រាស់គ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ១០នាក់

ភ្នំពេញៈ រយៈពេលចុងក្រោយនេះ កម្លាំងនគរបាលនៃ អធិការន​គរបាលខណ្ឌសែនសុខ ដឹកនាំកម្លាំងដោយលោកវរសេនីយ៍ឯក ម៉ក់ ហុង បាន​ចុះបង្ក្រាបមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀនជាបន្តបន្ទាប់ មិនថាយប់ ឬថ្ងៃឡើយ គឺធ្វើឲ្យ​ដូចភ្លៀងរលឹម។

ជាក់ស្តែងនាព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០១៧ នេះលោកអនុសេនីយ៍ឯក ញាណ នន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ បានដឹងនាំកូនចៅចុះបង្ក្រាបទីតាំងជួញដូរ និងប្រើប្រាស់គ្រឿងញៀននៅក្នុងមូលដ្ឋាន២កន្លែង ដោយឃាត់ខ្លួនជនសង្ស័យ១០នាក់ ស្រី២នាក់ ដកហូតថ្នាំញៀន និងឧបករណ៍ប្រើប្រាស់មួយចំនួន នៅចំណុចភូមិឃ្មួញ និងភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ ជនសង្ស័យទាំង១០នាក់នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ពីព្រោះសមត្ថកិច្ចកំពុងធ្វើការសាកសួរ។

លោកអនុសេនីយ៍ឯក ញាណ នន នាយប៉ុស្តិ៍បានប្រាប់ថា កាលពីម៉ោងប្រហែល១និង៣០នាទីទៀបភ្លឺថ្ងៃទី២ ខែមករា ឆ្នាំ២០១៧នេះ ខណៈកម្លាំងនគរបាលប៉ុស្តិ៍ធ្វើការល្បាតក្នុងមូលដ្ឋាន ក៏បានឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចផ្លូវបេតុងចូលមណ្ឌលឱកាសខ្ញុំភូមិសំរោង។ ក្រោយយកមកធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនទើបមកពីប្រើប្រាស់គ្រឿងញៀន ដោយទិញនិងជក់នៅទីតាំងភូមិឃ្មួញ។

បន្ទាប់ពីបានចម្លើយសារភាពរបស់ជនសង្ស័យខាងលើ លោកក៏សុំយោបលពី​លោកវរសេនីយ៍ឯក ម៉ក ហុង អធិការខណ្ឌ ក៏ឲ្យ​ធ្វើការចុះបង្ក្រាប២ទីតាំងទៀត ទីតាំងទី១ ឃាត់ខ្លួនបាន៤នាក់ ស្រី២ និងដកហូតសម្ភារៈប្រើប្រាស់មួយចំនួន និងទីតាំងទី២ នៅភូមិសំរោងជាកន្លែងជួញដូរ ឃាត់ខ្លួន៥នាក់ទៀត ដកហូតថ្នាំញៀន១កញ្ចប់ធំ សម្ភារៈប្រើប្រាស់មួយចំនួន និងម៉ូតូហុងដា ស៊េរី២០១៦មួយគ្រឿង និងម៉ូតូ DUK ពណ៌ខ្មៅលាយសមួយមួយគ្រឿង។

បច្ចុប្បន្នក្រុមអ្នកប្រើប្រាស់ និងជួញគ្រឿងញៀនខាងលើ ត្រូវបានកម្លាំងបញ្ជូនយកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅចាត់ការបន្ត៕

មតិយោបល់