ព័ត៌មានបច្ចេកវិទ្យា

Samsung អាចនឹងបង្កើតកំហុសដ៏ធំមួយទៀត ជាមួយ Galaxy S8

កាលពីឆ្នាំ ២០១៦ ក្រុមហ៊ុន Samsung បានធ្លាក់ក្នុងយុគដ៏ខ្មៅងងឹតមួយជាមួយកំពូលស្មាតហ្វូនត្រកូល Note ក្រោយពីក្រុមហ៊ុននៃប្រទេសកូរ៉េខាងត្បូងមួយនេះ ត្រូវគេស៊ើបអង្កេតឃើញថា បានរចនាថ្មរបស់ Note ស៊េរីចុងក្រោយ ឱ្យមានលក្ខណៈចង្អៀតពេក ដែលនាំឱ្យវាងាយឡើងកម្តៅ និងឈានទៅដល់ការផ្ទុះឆេះ។

ឥឡូវក្នុងឆ្នាំ ២០១៧ នេះ តើ Samsung នឹងអាចបង្កើតជាកំហុសធំដូចឆ្នាំមុនទៀតដែរឬទេ ជាមួយ Galaxy S8 ដែលគ្រោងប្រកាសចេញឆាប់ៗខាងមុខ?

លោក Darvid Roudock មកពីប្រព័ន្ធផ្សព្វផ្សាយអនឡាញ Android Police បានឆ្លើយថា ប្រហែលជាអាច។ គាត់ឆ្លើយបែបនេះ គឺដោយសំអាងលើការផ្លាស់ប្តូររចនាបថចំនួន ៣ ចំណុចរបស់ Galaxy S8 ដែលត្រូវបានបែកធ្លាយជាហូរហែកន្លងមក បើទោះបីជាព័ត៌មានទាំងនោះ មិនទាន់ត្រូវបានទទួលស្គាល់ផ្លូវការក៏ដោយ។ ក្នុងនោះ រួមមានការដកចេញនូវប៊ូតុង Home ការបន្ថែមមុខងារចុចប៉ះលើអេក្រង់ដោយប្រើកម្លាំងម្រាមដៃសង្កត់ខុសៗគ្នាតាមបែប 3D និងការប្តូរបន្ទះស្គេនក្រយៅដៃទៅដាក់ខាងខ្នងទូរស័ព្ទជាដើម។
លោក Darvid បានលើកឡើងថា ការដកប៊ូតុង Home ចេញនោះ គឺមិនមែនជាគំនិតថ្មីនោះទេ អ្នកអាចឃើញឧបករណ៍ដើរដោយប្រព័ន្ធ Android ជាច្រើន គ្មានប៊ូតុង Home ហើយមានតែ Samsung ទេដែលរក្សាវាទុករាប់ឆ្នាំមកហើយនោះ។ លោកបានចោទសំណួរថា ឬមួយ Samsung ចង់ពង្រីកផ្ទៃអេក្រង់របស់ S8 ឱ្យកាន់តែធំទូលាយ? បើដូច្នេះមែន ម៉េចក៏មិនទៅពង្រីកអេក្រង់របស់ Galaxy ស៊េរី Edge ទៅ ព្រោះគែមអេក្រង់របស់វាកោងលាតសន្ធឹងដល់គែមសងខាងទូរស័ព្ទរួចទៅហើយ។ ដូច្នេះ បើពង្រីកអេក្រង់របស់ស៊េរី S វានឹងស្រដៀងនឹងស៊េរី Edge របស់ខ្លួនទៅហើយ!

ចំពោះការបន្ថែមមុខងារប៉ះអេក្រង់ 3D វិញ គឺជាគំនិតឆោតល្ងង់បំផុតមួយ ពីព្រោះវាបន្ថែមមុខងារកាន់តែច្រើនដល់អ្នកប្រើប្រាស់ សម្រាប់ធ្វើការប៉ះបញ្ជាលើផ្ទៃអេក្រង់ទូរស័ព្ទ ហើយនេះក៏មិនមែនជាមុខងារថ្មីអ្វីដែរ។ ក្រុមហ៊ុន Apple បានដាក់ចេញមុខងារនេះលើ iPhone យូរមកហើយ មិនតែប៉ុណ្ណោះ វាក៏មិនសូវមានប្រជាប្រិយភាព ឬផ្តល់អត្ថប្រយោជន៍ច្រើនសម្រាប់មុខងារប្រើប្រាស់ប៉ុន្មានដែរ។

រីឯការផ្លាស់ប្តូរទីតាំងបន្ទះស្គេនក្រយៅដៃទៅខាងខ្នងទូរស័ព្ទ លោក Darvid បានបង្ហាញការយល់ឃើញថា វាគឺជាបញ្ហាផ្សេងគ្នាមួយ និងជាការសម្រេចចិត្តដ៏ចម្លែក ព្រោះបច្ចុប្បន្ន បច្ចេកវិជ្ជាដែលអាចបង្កប់បន្ទះស្គេនក្រយៅដៃខាងក្រោមផ្ទៃអេក្រង់ គឺមានរួចទៅហើយ និងដែល Samsung អាចយកទៅប្រើប្រាស់បាន ដោយពុំចាំបាច់ពឹងផ្អែកលើបន្ទះស្គេនខាងក្រៅឡើយ។ បច្ចេកវិជ្ជានោះ មានឈ្មោះថា SenseID ដែលវាជាគំរូបច្ចេកវិជ្ជារបស់ក្រុមហ៊ុន Qualcomm ប្រើប្រាស់រលកអ៊ុលត្រាសូនិចដើម្បីថតសម្គាល់ស្នាមម្រាមដៃមនុស្ស ដោយមិនចាំបាច់ប៉ះផ្ទាល់ទៅនឹងវាឡើយ។

លោក Darvid Rouduck បន្ថែមថា គាត់ជឿជាក់ថា Samsung អាចទិញអាជ្ញាបណ្ណបច្ចេកវិជ្ជាស្គេនក្រយៅដៃនោះពីក្រុមហ៊ុន Qualcomm ប៉ុន្តែ វាប្រហែលជាទំនើបជ្រុលពេកសម្រាប់យកទៅបំពាក់លើស្មានហ្វូនឆ្នាំ ២០១៧៕

ប្រភពព័ត៌មាន៖ forbes

មតិយោបល់