ព័ត៌មានជាតិ

លួចគេគ្រាន់ គេទាន់ក្រែលចឹង!..

កណ្តាលៈ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ ធ្វើសកម្មភាពធ្វើសកម្មភាពលួចកាច់សោកម៉ូតូរបស់ប្រជាពលរដ្ឋបានសម្រេចហើយព្យាយាមបើកម៉ូតូគេចខ្លួន តែត្រូវម្ចាស់ម៉ូតូឃើញទាន់ ស្រែកឆោឡោផ្អើលប្រជាពលរដ្ឋដេញតាមចាប់ខ្លួនបានម្នាក់ ចំណែកម្នាក់ទៀតគេចខ្លួនបាត់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង២៨នាទី ថ្ងៃទី២ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្សារបឹងខ្យាង ភូមិបឹងខ្យាង ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ជនសង្ស័យខាងលើមានឈ្មោះ វ៉ាន់ នឿន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិស្រះចក សង្កាត់ស្រះចក រាជធានីភ្នំពេញ។ ចំណែកបក្ខពួកដែលរត់គេចខ្លួនមានឈ្មោះ ពៅ ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិសង្កាត់ ជាមួយគ្នា មុខរបរមិនពិតប្រាកដ ។ក្នុងនោះដែរ សមត្ថកិច្ចធ្វើការដកហូតបាន ដែករាងអក្សរតេ ចំនួន១ រួមនិងម៉ូតូម៉ាកស៊ុយសាគីនិច ពណ៌ស ស៊េរីឆ្នាំ២០១៤ ពាក់ ស្លាកលេខ ភ្នំពេញ 1FR-8059 ដែលជាម៉ូតូរបស់ជនរងគ្រោះឈ្មោះ ងិន វិច្ឆិកា ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ មុខរបរជាងជួសជុលទូរសព្ទ។

មុនពេលកើតហេតុ ជនរងគ្រោះបានទុកម៉ូតូនៅកន្លែងកើតហេតុ ខណៈនោះស្រាប់តែមានជនសង្ស័យទាំង២នាក់ ធ្វើដំណើរមកពីភ្នំពេញទៅតាកែវ មកដល់ចំណុចកើតហេតុ ក៏បាននាំគ្នាចូលមកធ្វើសកម្មភាពកាច់សោក ម៉ូតូរបស់ជនរងគ្រោះហើយព្យាយាមគេចខ្លួន ប៉ុន្តែត្រូវបានម្ចាស់ម៉ូតូ រួមជាមួយប្រជាពលរដ្ឋក៏រាយការណ៍ជូនសមត្ថកិច្ចចុះមកចាប់ខ្លួនតែម្តង។

បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ តុលាការចាត់ការតាមផ្លូវច្បាប់ចំណែកម៉ូតូបានប្រគល់ទៅឲ្យម្ចាស់វិញហើយ ៕

មតិយោបល់