ព្រៃវែងៈ លោកតា ជា ម៉ៅ អាយុ៦៨ឆ្នាំ មានទីលំនៅក្នុងភូមិច្រាំងទទឹង ឃុំព្រែកអន្ទះ ស្រុកពោធិ៍រៀង បានដាក់ពាក្យបណ្តឹងចូលសាលាដំបូងខេត្តព្រៃវែង ដោយប្តឹងចោទកូនប្រសារប្រុសរបស់គាត់ឈ្មោះ ឆុន នួន អាយុ៣៤ឆ្នាំ ថាបានលួចយកដីភូមិរបស់គាត់លក់ទៅឲ្យប្អូនស្រីរបស់ខ្លួនឈ្មោះ ឆុន ផាត់ ទាំងដែលរូបគាត់ជាឪពុកក្មេក និងជាម្ចាស់ដីមិនបានដឹងអ្វីសោះ។
លោកតា ជា ម៉ៅ បានអះអាង កាលពីឆ្នាំ២០១៤ដោយសារតែធ្វើស្រែប្រាំងខាតជំពាក់លុយគេច្រើនគ្មានលទ្ធភាពសង ទើបគាត់និងប្រពន្ធនាំគ្នារត់ទៅធ្វើកម្មករស៊ីឈ្នួលមើលថែសួនឲ្យគេនៅប្រទេសថៃ ដោយទុកផ្ទះនិងដីភូមិទំហំទទឹង១៦ម៉ែត្រ និង បណ្តោយ១០០ម៉ែត្រ ឲ្យកូននៅមើលថែរក្សា លុះមកដល់ខែតុលា ឆ្នាំ២០១៦ ពេលពួកគាត់២នាក់ យាយតាត្រឡប់មកស្រុកវិញ ស្រាប់តែឃើញគេសង់ផ្ទះក្បឿង៣ខ្នងនៅលើដីរបស់គាត់រួចបាត់ទៅហើយ ហើយពេលសួរនាំទៅទើបដឹងថា គេបានទិញយកដីភូមិរបស់គាត់ហើយ គឺទិញពីកូនប្រសារប្រុសឈ្មោះ ឆុន នួន ក្នុងតម្លៃ៩លានរៀល។
លោកតាបានបន្តទៀតថា នៅពេលឭថាកូនប្រសារគាត់លក់ដីឲ្យគេ គាត់ក៏ទៅសួរនាំកូន ហេតុអ្វីបានជាយកដីគាត់លក់មិនប្រាប់គាត់ ហើយកូនស្រីរបស់គាត់ឈ្មោះ ម៉ៅ ឆុន បានឆ្លើយថាប្តីរបស់ខ្លួនឈ្មោះ ឆុន នួន ជាអ្នកយកលក់ហើយខ្លួនគេជាប្រពន្ធបានឃាត់ដែរ តែត្រូវប្តីវាយហើយគំរាមថា ឲ្យនៅតែស្ងៀមទៅបើចេះដឹងពេកគេនឹងលែងក្បាលចោល ទើបប្រពន្ធលែងហ៊ានមាត់។ ចំណែកកូនប្រសារប្រុសវិញបានឆ្លើយយ៉ាងខ្លីថា បើឪឯងមិនសុខចិត្តចង់ប្តឹងទៅដល់ណាប្តឹងទៅ ហើយបើគ្មានលុយប្តឹងទេចាំគេឲ្យលុយទៅប្តឹងទៀត ពេលឭសម្តីកូនប្រសារបែបនេះធ្វើឲ្យគាត់ខឹងយ៉ាងខ្លាំង ហើយក៏ទៅប្តឹងមេភូមិ មេឃុំ ឲ្យជួយរកយុត្តិធម៌ឲ្យ តែមិនបានលទ្ធផលអ្វីសោះ ទើបរូបគាត់សម្រេចចិត្តដាក់ពាក្យប្តឹងទៅតុលាការតែម្តង។
លោកតាបានបញ្ជាក់ថា ពេលត្រឡប់មកពីថៃវិញ គាត់បានធ្វើកូនខ្ទម១នៅក្រោមដើមស្វាយ លើដីភូមិរបស់គាត់ដែលត្រូវគេលក់នោះរស់នៅ២នាក់យាយតា តទៅទៀត ហើយក៏ត្រូវអ្នកទិញដីបាននោះគេមកដេញលោកតាជាច្រើនដងតែតានិយាយមិនចេញ ទើបគេប្រើវិធីសាស្រ្តម៉ៅដើមស្វាយទៅឲ្យឈ្មួញ ហើយក្រុមឈ្មួញបានយកថ្នាំបាញ់ស្វាយ ទៅបាញ់ដើមស្វាយនៅលើដំបូលផ្ទះនិងនៅជុំវិញផ្ទះរបស់គាត់ បណ្តាលឲ្យពុលងាប់មាន់គាត់អស់៧ក្បាល ទា៤ក្បាល និងធ្វើឲ្យយាយរបស់គាត់ពុលថ្នាំក្អួតចង្អោយ៉ាងខ្លាំង ហើយគាត់បាននាំយាយទៅរកគ្រូពេទ្យចាក់ថ្នាំ និងដាក់សេរ៉ូមអស់៣ផ្លោក ទើបលោកយាយបានធូរឡើងវិញ ហើយគាត់សំណូមពរឲ្យគ្រប់ស្ថាប័នទាំងអស់ជួយគាត់ផង ជួយហាមឃាត់កុំឲ្យគេបាញ់ថ្នាំស្វាយតទៅទៀត ព្រោះប៉ះពាល់ដល់សុខភាពគាត់ខ្លាំងណាស់។
ពាក់ពន្ធ័នឹងការចោទប្រកាន់របស់លោកឪពុកក្មេក ទៅលើកូនប្រសាររឿងលួចដីលក់នេះ ភ្នាក់ងារយើងនៅមិនទាន់អាចទំនាក់ទំនង សុំការបំភ្លឺពីភាគីខាងកូនប្រសារប្រុសបាននោះទេ ប៉ុន្តែតាមរយៈការបំភ្លឺពីខាងអាជ្ញាធរ គឺហាក់មានការផ្ទុយស្រឡះពីការប្តឹងចោទប្រកាន់របស់លោកតាជាឪពុកកេ្មក។
លោកស្រី កង ស៊ីណាត មេឃុំព្រែកអន្ទះបានឲ្យដឹងតាមទូរសព្ទថា រឿងរ៉ាវឪពុកក្មេកនិងកូនប្រសារនេះ មិនមែនអាជ្ញាធរមិនដោះស្រាយទេ គេបានដោះស្រាយឲ្យហើយតែលោកតាជាឪពុកក្មេកមិនព្រម គិតតែទាមទារយកដីវិញទាំងដែលខ្លួនជាអ្នកខុស។ លោកស្រីបានបញ្ជាក់ថា រឿងដីនេះលោកតា ជា ម៉ៅ ជាអ្នកឲ្យកូនប្រសារលក់យកលុយសងបំណុលគេ ហើយពេលអ្នកទិញដីបានគេធ្វើផ្ទះ លោកតានិងយាយក៏មកពីថៃទាន់ដែរ តែមិនបានជំទាស់រារាំងអ្វីនោះទេ ស្រាប់តែគេធ្វើផ្ទះហើយ ហើយគេមិនឲ្យតាយាយរស់នៅលើដីនោះទៀត ទើបតាយាយខឹងគេ ហើយដើរដាក់ពាក្យប្តឹងតែម្តង ធ្វើបែបនេះតើឲ្យអាជ្ញាធរដោះស្រាយជូនគាត់យ៉ាងម៉េច? ចំណែករឿងគេបាញ់ថ្នាំស្វាយធ្វើឲ្យពុលងាប់មាន់ទា និងប៉ះពាល់សុខភាពលោកយាយនោះ លោកស្រីមេឃុំអះអាងថា មិនបានដឹងនោះទេ តែលោកស្រីនឹងចុះទៅពិនិត្យមើល៕
https://youtu.be/lF4HYO1M0Bg
មតិយោបល់