ព័ត៌មានជាតិ

ឃាត់ជនជាតិវៀតណាម១០នាក់ នៅក្នុងការដ្ឋានសាងសង់ផ្ទះវីឡារបស់ឧកញ៉ា ឃុន សៀ

ភ្នំពេញៈ កម្លាំងនគរបាលនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី​ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ​ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា សហការជាមួយកម្លាំងនគរបាលនៃការិយាល័យអន្តោប្រវេសន៍រាជធានីភ្នំពេញ ដោយមានការសម្របសម្រួលពលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះប្រតិបត្តិការត្រួតពិនិត្យការសា្នក់នៅ និងបំពេញការងាររបស់ជនបរទេសនៅក្នុងការដ្ឋានសាងសង់ផ្ទះវីឡារបស់លោកឧកញ៉ា ឃុន សៀ នៅ​ច្បារ​អុះពៅ ដោយធ្វើការឃាត់ខ្លួនជនជាតិវៀតណាមខុសច្បាប់ចំនួន១០នាក់(ស្រី១នាក់)។

ប្រតិបត្តិការនេះ បានធ្វើឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០១៧ នៅក្នុងកាដ្ឋានសាងសង់ផ្ទះវីឡាមួយកន្លែង គ្មានលេខ ផ្លូវលេខ៣៧១ ភូមិម៉ាក់ខ្លឿ ក្នុងសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

លោកឧត្តសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីបានប្រាប់ឱ្យដឹងថា ដោយយោងទៅតាមបទបញ្ជារបស់លោកនាយឧត្តមសេនីយ៍ សុខ ផល​ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ធ្វើយ៉ាងណាអនុវត្តន៍ច្បាប់អន្តោប្រវេសន៍ឲ្យ​មានប្រសិទ្ធភាពខ្ពស់នោះ។ កម្លាំងរបស់លោកតែងតែបានធ្វើការសហការជាមួយនិងបណ្តាកម្លាំងនគរបាលអន្តោប្រវេសន៍រាជធានី​/ខេត្ត​នៅទូទាំងប្រទេស បានចុះអនុវត្តន៍ច្បាប់អន្តោប្រវេសន៍ទៅលើជនបរទេសគ្រប់ជនជាតិទាំងអស់ ដែលកំពុងតែធ្វើការស្នាក់នៅ និងបំពេញការងារនៅក្នុងប្រទេសកម្ពុជារបស់យើង។

លោកបានបន្តទៀតថា ជាក់ស្តែងក្នុងពេលនេះដែរ កម្លាំងរបស់លោកបានចុះអនុវត្តច្បាប់នៅក្នុងការដ្ឋានសាងសង់ផ្ទះវីឡានៅក្នុងខណ្ឌច្បារអំពៅនេះ ដោយកម្លាំងរបស់លោកបានរកឃើញជនជាតិវៀតណាមដែលកំពុងតែស្នាក់នៅ និងបំពេញការងារ ដោយគ្មានលិខិតស្នាមប្រុសស្រីសរុបចំនួន១០នាក់ ក្នុងនោះមានស្រី១នាក់ផងដែរ។ បន្ទាប់ពីការចុះអនុវត្តន៍ច្បាប់ និងឈានទៅដល់ការឃាត់ខ្លួនជនជាតិវៀតណាមប្រុសស្រីទាំង១០នាក់ នៅក្នុងការដ្ឋានសាងសង់ផ្ទះវីឡាខាងលើនេះរួចហើយ កម្លាំងរបស់លោកក៏នឹងនៅតែបន្តចុះត្រួតពិនិត្យការស្នាក់នៅ និងបំពេញការងាររបស់ជនបរទេសជាបន្តទៅទៀត និងធ្វើឡើងនៅគ្រប់ទីកន្លែងទាំងអស់ឲ្យ​ដូចជាភ្លៀងរលឹមយ៉ាងដូច្នោះដែរ។

ក្រោយពីប្រតិបត្តិការចុះត្រួតពិនិត្យការស្នាក់នៅ និងបំពេញរងាររបស់កម្លាំងនគរបាលអន្តោប្រវេសន៍នេះ ក្រុមជនអន្តោប្រវេសន៍ខុសច្បាប់ជាជនជាតិវៀតណាមទាំង១០នាក់(ស្រី​១នាក់) ដែលបានលួចចូលមកស្នាក់នៅ និងបំពេញការងារដោយគ្មានលិខិតស្នាមខុសច្បាប់នេះ ត្រូវបានបញ្ជូនខ្លួនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ ដើម្បីរង់ចាំធ្វើការបណ្តេញចេញទៅស្រុកកំណើតវិញតាមផ្លូវច្បាប់៕

មតិយោបល់