ព័ត៌មានជាតិ

បណ្តើរម៉ូតូអស់សាំងឆ្លងផ្លូវ ត្រូវរថយន្តបុកស្លាប់!..

បន្ទាយមានជ័យៈ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង ខណៈកំពុងតែបណ្តើរម៉ូតូឆ្លងផ្លូវ ត្រូវរថយន្តបើកបុកពេញទំហឹង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៥០នាទី យប់ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៧ លើតាមបណ្ដោយផ្លូវជាតិលេខ៥ ត្រង់ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ៣៨២ -៣៨៣ មុខសាលាវាំងមួង ស្ថិតក្នុងភូមិម៉ក់ហឺន ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

ប្រភពពីអ្នកដែលបានឃើញហេតុការណ៍បាននិយាយថា នៅមុនពេលកើតហេតុគឺគេបានឃើញម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ០១២ ពាក់ស្លាកលេខ បាត់ដំបង 1M-6285 ជិះគ្នា២នាក់ ក្នុងទិសដៅពីលិចទៅកើត។លុះបានមកដល់កន្លែងកើតហេតុ ទំនងជាម៉ូតូអស់សាំង ទើបឈប់ហើយបណ្តើរម៉ូតូឆ្លងផ្លូវ ដោយម្នាក់ទៀតបានរត់ឆ្លងទៅមុនបាត់។ រំពេចនោះស្រាប់តែមានរថយន្តមួយគ្រឿងមិនស្គាល់ម៉ាកដែលបើកបរច្រាស់ទិសគ្នាបានបើកមកដល់ហើយក៏បុកពេញទំហឹងស្លាប់ភ្លាមៗ រថយន្តក្រោយកើតហេតុបានបើករត់គេចបាត់ស្រមោល។

កម្លាំងនគរបាលចរាចរណ៍បាននិយាយថាជនរងគ្រោះមានឈ្មោះ ថា សារឿង ភេទប្រុស អាយុ២៤ឆ្នាំ ចំណែកអ្នករួមដំណើរដែលមិនរងគ្រោះថ្នាក់មានឈ្មោះ យុត ពេជ្រ ភេទប្រុស អាយុ២៦ឆ្នាំ អ្នក២រស់នៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់