ព័ត៌មានជាតិ

កងរាជអាវុធហត្ថ បង្ហាញមុខក្រុមជួញដូរគ្រឿងញៀន៤នាក់ រួមនិងថ្នាំញៀនជាង៤០០កញ្ចប់

កណ្តាលៈ ជនសង្ស័យចំនួន៤នាក់ ត្រូវបានកងរាជអាវុធហត្ថ ចាប់ឃាត់ខ្លួនបានជាបន្តបន្ទាប់ ក្នុងរយៈពេល៣ថ្ងៃជាប់គ្នា ដោយរឹបអូសបានថ្នាំញៀនប្រភេទម៉ាទឹកកកជាង៤០០កញ្ចាប់។

លោកវរៈសេនីយន៍ទោ ពក សាង នាយរងសេនាធិការកងរាជអាវុធហត្ថខេត្តកណ្តាល បានឲ្យដឹងថា ប្រតិបត្តិការនេះគឺយើងបានធ្វើឡើង៣ថ្ងៃជាប់ៗគ្នា ហើយថែមទាំងពន្លាតដែនដីចូលទៅក្នុងរាជធានីភ្នំពេញថែមទៀតផង។

លោកបន្តថា កាលពីថ្ងៃទី១ មករា ២០១៧ កម្លាំងកងរាជអាវុធហត្ថស្រុកមុខកំពូល បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឆោម ដារា ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅបន្ទប់ផ្ទះជួលមួយកន្លែងនៅក្នុងភូមិកណ្តោល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។ ដកហូតបានថ្នាំញៀនចំនួន៥កញ្ចប់ធំ មានទម្ងន់ ៣៤,៣៤ ក្រាម និងស្មើហ្នឹង ១២០កញ្ចប់តូច។ ក្រោយពីឃាត់ខ្លួនជនសង្ស័យកម្លាំងបានសហការជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឆែកឆេរផ្ទះប្រពន្ធរបស់ ឆោម ដារា នៅក្នុងភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ រកឃើញសម្ភារៈវេចខ្ចប់១ចំនួនធំ។

ក្រោយពីទទួលបានចម្លើយសារភាពរបស់ ឆោម ដារា កម្លាំងរបស់យើងក៏បានឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ សាង ស៊ីថា ភេទប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅផ្ទះជួលម្តុំសួនឧស្សាហ៍កម្មកាណាឌីយ៉ា សង្កាត់មានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដកហូតបានថ្នាំញៀនប្រភេទម៉ាទឹកកចំនួន១កញ្ចប់ធំ ស្មើនឹង ៧០ ទៅ៨០កញ្ចប់តូច។ ក្រោយមកយើងក៏បានឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ ហោ ឌីណា នៅសង្កាត់ស្ទឹងមានជ័យដកហូតបានថ្នាំ ញៀន២កញ្ចប់ទៀត ក្នុងនោះ១កញ្ចប់ធំ និង១កញ្ចប់តូច។ បន្ទាប់ពីទទួលបានចម្លើយសារភាពពី ហោ ឌីណា នៅវេលាម៉ោង១១និង១០ ថ្ងៃទី៣មករា កម្លាំងយើងបានពន្លាតដែនដីចូលទៅក្នុងរាជធានីភ្នំពេញសារជាថ្មីទៀត រួចក៏ឃាត់ខ្លួន ស្ត្រីម្ចាស់ផ្ទះជួលម្នាក់ឈ្មោះហុក ស៊ីថា ហៅស្រីដា អាយុ២៤ឆ្នាំ ដកហូតថ្នាំញៀនចំនួន៣កញ្ចប់ធំ ស្មើនឹង១៥០កញ្ចប់តូច និងមានទម្ងន់៥២,៦៨ក្រាម ព្រមទាំងសម្ភារៈវេចខ្ចប់មួយចំនួនធំ។

លោកវរៈសេនីយន៍ទោ ក៏បានបញ្ជាក់ដែរថា ក្នុងប្រតិបត្តិការរយៈពេល៣ថ្ងៃនេះ យើងបានរឹបអូសនូវថ្នាំញៀនប្រភេទម៉ាទឹកកកសរុប ១១១,៥៨ ក្រាម និងស្មើជាង៤០០កញ្ចប់តូច។ បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាំង កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តទៅតាមច្បាប់៕

មតិយោបល់