ភ្នំពេញៈ បុរសម្នាក់ បានចូលធ្វើសកម្មភាពគាស់ផ្ទះ គេតែត្រូវម្ចាស់មកទាន់ស្រែកផ្អើល អ្នកជិតខាងជួយវាយម្នាក់មួយដៃ មួយជើងបណ្តាលឲ្យបែកក្បាលហូរឈាមស្រោចខ្លួន។ ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទី រសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែន រាជធានីភ្នំពេញ។
ជនសង្ស័យខាងលើមានឈ្មោះ ហន វិសាល ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរលើកអ៊ីវ៉ាន់ឲ្យគេ ស្នាក់នៅម្តុំកាណាស៊ីធី មានស្រុកកំណើតនៅភូមិវាលពន ឃុំវាលពន ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
ប្រភពព័ត៌មានពីម្ចាស់ផ្ទះឈ្មោះ ស៊ូម សារុំ ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរលក់បបរ បានឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់បានចេញពីផ្ទះ មកដាំបរបរនៅខាងមុខផ្ទះ ចម្ងាយប្រហែលជា១៥ម៉ែត្រប៉ុណ្ណោះ ដោយបានចាក់សោត្រឹមត្រូវ ខណៈដែលដើរមកចូលផ្ទះ ស្រាប់តែឃើញសោទ្វារបើក ដោយមានការសង្ស័យគាត់ក៏រុញទ្វារ តែត្រូវជនសង្ស័យខ្ទាស់គន្លឹះពីក្នុង រួចសួរថានរណាគេនៅក្នុងបន្ទប់ខ្ញុំពេលនោះជនសង្ស័យឆ្លើយថា ខ្ញុំម្ចាស់ផ្ទះ ពីណាឲ្យចូលបន្ទប់ខ្ញុំ ជនសង្ស័យឆ្លើយថាខ្ញុំជាជាងលូ ព្រោះលូស្ទះ មានគេប្រាប់ខ្ញុំឲ្យមកធ្វើលូ ដោយម្ចាស់ផ្ទះដឹងច្បាស់ថាខ្លួនមិនបាន ប្រើនរណាឲ្យមកជួសជុលលូ ក៏ស្រែកឲ្យអ្នកជិតខាងជួយ ខណៈដែលឮសម្លេងជនរងគ្រោះស្រែកឆោឡោ ក៏ស្ទុះមកឡោមពទ្ធ័វាយជនសង្ស័យម្នាក់មួយដៃមួយជើង បណ្តាលឲ្យបែកក្បាលហូរឈាមស្រោចខ្លួនតែម្តង ដោយម្ចាស់ផ្ទះបានដកហូតទូរសព្ទរបស់ខ្លួន ពីជនសង្ស័យបានចំនួន៣គ្រឿង មកវិញផងដែរ។
ក្រោយពីកើតហេតុ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ចោមចៅ បានទៅដល់កន្លែងកើតហេតុនិងឃាត់ខ្លួនជនសង្ស័យយកទៅសួរនាំនិងកសាងសំណុំរឿងទៅតាមនីតិវិធីច្បាប់៕
https://youtu.be/oUQs4IW6-AM


មតិយោបល់