ភ្នំពេញៈ គេនៅចាំបានថា កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦កន្លងទៅ ពោលគឺជាងមួយត្រីមាសកន្លងមកហើយ ដែលក្រសួងយុត្តិធម៌នៃព្រះរាជាណាចក្រកម្ពុជា បានបង្កើតឲ្យមានក្រុមអ្នកនាំពាក្យនៅតាមស្ថាប័នតុលាការថ្នាក់ក្រោមទូទៅ២៥រាជធានីខេត្តទាំងអស់។ ការបង្កើតក្រុមអ្នកនាំពាក្យនេះឡើង គឺដើម្បីងាយស្រួលដល់ការធ្វើទំនាក់ទំនងព័ត៌មានរវាងសាលាដំបូងរាជធានី-ខេត្ត និងអយ្យការអមសាលាដំបូងរាជធានី-ខេត្ត ជាមួយបណ្តាញសារព័ត៌មានជាតិ អន្តរជាតិ និងសាធារណៈមតិ។
បើទោះជាកិច្ចការថ្មីលើវិស័យកំណែទម្រងប្រព័ន្ធយុត្តិធម៌នេះ ត្រូវបានយកចិត្តទុកដាក់ខ្ពស់យ៉ាងណាក្តី ក៏ប៉ុន្តែការងារហាក់នៅមិនទាន់ប្រព្រឹត្តទៅដោយភាពរលូននៅឡើយទេ មិនទាន់រលូនទៅបានក៏ដោយសារតែនៅតាមស្ថាប័នតុលាការមួយចំនួនក៏មានអ្នកនាំពាក្យធ្វើយ៉ាងជិតស្និត និងមានភាពទទួលខុសត្រូវខ្ពស់ជាមួយអ្នកសារព័ត៌មាន ខណៈអ្នកនាំពាក្យនៅស្ថាប័នតុលាការមួយចំនួននៅមិនទាន់បានអនុវត្តការងារនេះបានល្អនៅឡើយទេ។
ឧទារហណ៍ជាក់ស្តែង ស្ថាប័នតុលាការសាលាដំបូងរាជធានីភ្នំពេញនាគ្រាចុងក្រោយនេះ គឺមានលោក លី សុផាណា ជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងមួយនេះ ដែលត្រូវបានក្រុមអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ បានកោតសរសើរ ក៏ដោយសារតែលោកបានធ្វើការឆ្លើយតបជាមួយអ្នកសារព័ត៌មានប្រកបដោយភាពវិជ្ជមាន និងការទទួលខុសត្រូវខ្ពស់ នៅពេលដែលអ្នកសារព័ត៌មានត្រូវការប្រមូលទិន្នន័យនៃសំណុំរឿងណាមួយដើម្បីចុះផ្សាយ។
ខណៈដែលមានអ្នកនាំពាក្យរបស់តុលាការមួយចំនួនធ្វើការបានល្អ និងរលូនជាមួយសាធារណជន និងអ្នកកាសែត ក៏នៅមានអ្នកនាំពាក្យខ្លះនៅមិនទាន់បានអនុវត្តការងារបានល្អនៅឡើយ តើអ្វីជាមូលហេតុ អ្វីជាបញ្ហាប្រឈមដែលក្រសួងយុត្តិធម៌កំពុងជួបប្រទះ និងកំពុងដោះស្រាយ?
ឆ្លើយតបនឹងសំណួររបស់ភ្នាក់ងារ Post News លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌បានថ្លែងថា អ្នកនាំពាក្យនៅស្ថាប័នតុលាការជាន់ទាប ត្រូវបានក្រសួងយុត្តិធម៌រៀបចំបែកចែកជាពីរ គឺស្ថាប័នអយ្យការដែលមានព្រះរាជអាជ្ញា ឬព្រះរាជអាជ្ញារង ជាអ្នកនាំពាក្យដែលទទួលខុសត្រូវលើនីតិវិធីនៃសំណុំរឿងព្រហ្មទណ្ឌ និងស្ថាប័នតុលាការមានប្រធានលេខាធិការដ្ឋាន ជាអ្នកនាំពាក្យឲ្យតុលាការ និងនីតិវិធីនៃសំណុំរឿង រដ្ឋប្បវេណី។
លោកបន្តថា ដោយសារការងារថ្មីសម្រាប់អ្នកនាំពាក្យនៅស្ថាប័នតុលាការមួយចំនួនអាចធ្វើការបានល្អ និងមានប្រសិទ្ធភាពខ្ពស់ ខណៈមួយចំនួន ពួកគាត់នៅមិនទាន់បានធ្វើការងារល្អនៅឡើយទេ ពោលគឺហាក់នៅមានភាពខ្វះខាតខ្លះ។ ដើម្បីពង្រឹងការងារនេះក្រសួងយុត្តិធម៌ នឹងរៀបចំឲ្យមានការប្រជុំ សិក្ខាសាលា ការបណ្តុះបណ្តាលពួកគាត់ ក្នងការជំរុញឲ្យពួកគាត់អនុវត្តការងារនេះឲ្យកាន់តែសកម្ម និងមានប្រសិទ្ធភាពខ្ពស់។
អ្នកនាំពាក្យក្រសួងយុត្យិធម៌ក៏គូសបញ្ជាក់ផងដែរថា ពួកគាត់ (អ្នកនាំពាក្យ) ពេលខ្លះក៏បានទទួលស្គាល់ថា ពួកគាត់ហាក់មិនទាន់សម្របខ្លួនទាន់ពេលចំពោះការងារជាអ្នកនាំពាក្យនេះនៅឡើយទេ ព្រោះការងារនេះថ្មីសម្រាប់ពួកគាត់។ ពួកគាត់មិនដឹងថាត្រូវឆ្លើយតបយ៉ាងណាជាមួយអ្នកសារព័ត៌មាន ឬសាធារណៈជននោះទេ។ ប៉ុន្តែដោយសារយុន្នការកំណែទម្រងរបស់វិស័យយុត្តិធម៌ ក្រសួងត្រូវតែរៀបចំការងារជាមុនសិន រួចទើបធ្វើការបណ្តុះបណ្តាល និងគាំទ្រពួកគាត់ជាក្រោយ ដោយក្រសួងមិនអាចរងចាំរហូតទាល់តែពួកគាត់ចេះធ្វើការងារនេះ ព្រោះយើងត្រូវឆ្លើយតបតម្រូវការជាក់ស្តែងជាមុនសិន។ កន្លងមកក្រសួងយុត្តិធម៌បានរៀបចំក្រុមអ្នកនាំពាក្យក្រសួងជាមួយអ្នកនាំពាក្យតាមស្ថាប័នតុលាការទាំងអស់ ជាបណ្តាញទំនាក់ទំនងសង្គម Telegram ផងដែរដើម្បីចែករំលែកព័ត៌មាន និងផ្តល់ការណែនាំគ្នាទៅវិញទៅមកផងដែរ។
ក្រសួងយុត្តិធម៌សូមលើកទឹកចិត្តឲ្យអ្នកនាំពាក្យនៅតាមស្ថាប័នតុលាការ និងអ្នកសារព័ត៌មានទាំងអស់ ធ្វើការងារជាមួយគ្នាឲ្យកាន់តែជិតស្និត ដើម្បីបម្រើសង្គមជាតិរបស់យើងទាំងអស់គ្នា។ អ្នកសារព័ត៌មានពិតជាត្រូវការចាំបាច់នូវអ្នកច្បាប់ដើម្បីបកស្រាយអំពីបច្ចេកទេសនៃនីតិវិធីច្បាប់ ខណៈតុលាការពិតជាត្រូវការអ្នកសារព័ត៌មានដើម្បីនាំសារទៅកាន់សាធារណៈជនដើម្បីកុំឲ្យពួកគាត់មានការយល់ច្រលំនៅក្នុងចំណាត់ការនៃនីតិវិធីច្បាប់មួយចំនួនផងដែរ។ ដូច្នេះការងារនេះអ្នកនាំពាក្យនៃស្ថាប័នតុលាការ និងអនកសារព័ត៌មាន ត្រូវធ្វើការយ៉ាងជិតស្និតដូចជាប្តី និងប្រពន្ធ ដែលពឹងពាក់គ្នាទៅវិញទៅមក។
ក្រសួងយុត្តិធម៌យល់ឃើញថា អ្វីដែលក្រសួងបានរៀបចំ និងកំពុងធ្វើនេះវាជារឿងត្រឹមត្រូវ បើទោះជាវាមានបញ្ហាប្រឈមខ្លះៗ ដូចជាកង្វះធនធានមនុស្ស និងហិរញ្ញវត្ថុយ៉ាងណាក្តីក៏ប៉ុន្តែក្រសួងនឹងព្យាយាមដោះស្រាយជាលំដាប់រហូតយើងទៅដល់គោលដៅដែលយើងចង់បាន ដែលយើងពិតជាត្រូវការយ៉ាងចាំបាច់នៅការយល់គ្នារវាង អ្នកនាំពាក្យតាមស្ថាប័នតុលាការ និងអ្នកសារព័ត៌មាន៕
មតិយោបល់