ព័ត៌មានជាតិ

ឃាត់ខ្លួន ឃាតក អារកសម្លាប់ជនរងគ្រោះបីនាក់ នៅសៀមរាប​ថ្ងៃឆ្លងឆ្នាំ​

សៀមរាប៖កម្លាំងនគរបាលចម្រុះបានសហការគ្នាតាមចាប់ឃាតកដែលចូលអារ.ក ប្លន់សម្លាប់ជនរងគ្រោះ៣នាក់ ដល់បន្ទប់ជួលនៅក្រុងសៀមរាបបានហើយ នៅស្រុកជីក្រែង ខេត្តសៀមរាប នាល្ងាចថ្ងៃទី៤ខែមករាឆ្នាំ២០១៧នេះ។

លោកវរសេនីយ៍ឯក ភឹង ចន្តារ៉េត ស្នងការរងនគរបាលទទួលបន្ទុកកណ្ដាល​​ព្រហ្មទណ្ឌខេត្ត​សៀមរាប បានឲ្យដឹងថា មុខសញ្ញា​ដែលជាឃាតក ប្លន់សម្លាប់​ជនរងគ្រោះ៣នាក់ ដល់បន្ទប់ជួល​នោះ​ត្រូវបានកម្លាំង​នគរបាលចាប់ខ្លួន​បានហើយ ដោយឃាតកឈ្មោះ ជា សុខជីន អាយុ២៣ឆ្នាំ មានស្រុកកំណើត​នៅស្រុករលារប្អៀរ ខេត្តកំពង់ឆ្នាំង។

លោកបន្តថា ប្រតិបត្តិការតាមចាប់ខ្លួនជនជាឃាតកនេះត្រូវបានធ្វើឡើងដោយកម្លាំងនគរបាលរបស់លោក បានសហការជាមួយកម្លាំងនគរបាលនាយកដ្ឋានក្រសួងមហាផ្ទៃ កម្លាំងនគរបាលតាមបណ្តាខេត្ត ព្រមទាំងកម្លាំងពាក់ព័ន្ធ និងប្រជាពលរដ្ឋល្អដែលបានជួយរាយការណ៍ពីករណីនេះ។

សូមរំឭកថា ​ជនរងគ្រោះ៣នាក់ ត្រូវបានឃាតកចិត្តឆៅចូលអារ.ក ប្លន់សម្លាប់ដល់ក្នុងបន្ទប់ជួល បណ្តាលឲ្យស្លាប់២នាក់ក្នុងថ្លុកឈាម និងម្នាក់ទៀតរបួសធ្ងន់។​ ហេតុការណ៍ឃាតកម្មដ៏សាហាវនេះ ភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០១៧ នៅចំណុចបន្ទប់ជួល ស្ថិតក្នុងក្រុមទី៦​ ភូមិ​សាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ ក្នុងហេតុការណ៍​ឃាតកម្មនេះ​បណ្ដាលឲ្យ​ជនរងគ្រោះ​២នាក់ដេកស្លាប់​ក្នុងថ្លុងឈាម ដែលទី១៖ ឃុន សុយិន ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរធ្វើការ​ក្រុមហ៊ុនអាហារបំប៉ន មានស្រុកកំណើត​​នៅស្រុកឈូក ខេត្តកំពត, ទី២៖ ឈ្មោះ វេត រដ្ផា ភេទប្រុស អាយុ២៥ឆ្នាំ​​ មានស្រុកកំណើត នៅស្រុកអូរជ្រៅ ខេត្តបន្ទាយ​មានជ័យ និងទី៣៖ ឈ្មោះ ឡេង ស្រីពៅ​​ ភេទស្រី អាយុ២៨ឆ្នាំ រងរបួសធ្ងន់ ក្នុងចំណោម​ជនរងគ្រោះទាំង៣នាក់នេះ ២នាក់ជាប្ដីប្រពន្ធនឹងគ្នា៕​

មតិយោបល់