ភ្នំពេញៈ រថយន្តហាយឡាក់រីវ៉ូមួយគ្រឿង សង្ស័យថាអ្នកបើកបរស្រវឹង បានបើកទៅបុករបាំងចែកទ្រូងផ្លូវ បណ្តាលឲ្យបាក់អស់១កង់ រថយន្តរងការខូចខាតទៅមុខលែង។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ១២និង៥០នាទី យប់ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧ ត្រង់ចំណុចមុខបណ្ណាល័យ សម្តេច ហ៊ុន សែន ស្ថិតតាមបណ្តោយផ្លូវ៥៩៨ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើកបររថយន្តម៉ាក ហាយឡាក់រីវ៉ូ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AR-5559 បើកបរតាមផ្លូវ៥៩៨ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន លុះបានមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តខាងបានរេចង្កូតទៅខាងឆ្វេង ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យបាក់អស់ចំនួនមួយកង់ ចំណែករថយន្តបានហោះ ទៅគងលើទ្រូងផ្លូវ។ ភ្លាមៗនោះម្ចាស់រថយន្ត បានបើកទ្វាររថយន្ត ចុះរត់គេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុករថយន្តនៅនឹងកន្លែងកើតហេតុ។ នៅក្នុងរថយន្តខាងលើនេះ គេឃើញមានកាតសម្គាល់ខ្លួន មានឈ្មោះ នួន វុទ្ធី ធ្វើការនៅអង្គភាព ទីស្ដីការគណៈរដ្ឋមន្ត្រី មុខងារទីប្រឹក្សារាជរដ្ឋាភិបាល។
ក្រោយពេលកើតហេតុរថយន្តបង្ក ត្រូវបានសមត្ថកិច្ចជំនាញវាស់វែងស្ទូច យកទៅរក្សាទុកការិយាល័យចរាចរណ៍ជើងគោកនៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយតាមនីតិវិធីច្បាប់៕
មតិយោបល់