ព័ត៌មានជាតិ ព័ត៌មានសេដ្ឋកិច្ច ព្រឹត្តិការណ៍ សំខាន់ៗ

ទំហំប្រាក់កម្ចី កើនឡើងជាង២០% នៅឆមាសទី១ ឆ្នាំ២០១៦

ភ្នំពេញៈ ទំហំទ្រព្យសកម្មក្នុងប្រព័ន្ធធនាគារ ឬប្រាក់កម្ចី មានការកើនឡើងគួរឲ្យកត់សម្គាល់ ដែលបានបង្ហាញឲ្យឃើញពីប្រតិបត្តិការអាជីវកម្មក្នុងវិស័យធនាគារនៅកម្ពុជា បានដំណើរការទៅប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពជាងមុន។ ទន្ទឹមនឹងនេះ គិតត្រឹមឆមាសទី១ នៃឆ្នាំ២០១៦ ទំហំនៃប្រាក់កម្ចីសរុបនៅក្នុងធនាគារទូទាំងប្រទេស បានកើនឡើងដល់២២,៥៧% ខណៈប្រាក់បញ្ញើរបស់អតិថិជនបានដើរទន្ទឹមគ្នា ២០,៥៩%។

បើតាមទេសាភិបាលរងរបស់ធនាគារជាតិ នៃកម្ពុជា លោកស្រី អ៊ុក ម៉ាលី លើកឡើងក្នុងពិធីសម្ពោធបើកឲ្យដំណើរការជាផ្លូវការធនាគារ អអេចប៊ី ឥណ្ឌូឆៃណា (RHB Indochina Bank) សាខាម៉ៅសេទុង និងសាខាបឹងកេងកង នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦នេះ ឲ្យដឹងថា ប្រតិបត្តិការ និងសេវាកម្មគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ នៅក្នុងប្រទេសកម្ពុជា បានវិវឌ្ឍន៍ឥតឈប់ឈរនៅក្នុងពេលថ្មីៗនេះ។ ជាក់ស្ដែង គិតត្រឹមខែមិថុនា ឆ្នាំ២០១៦ ទំហំទ្រព្យសកម្មក្នុងប្រព័ន្ធធនាគារ បានកើនឡើងដល់២២,៥៧% ខណៈប្រាក់បញ្ញើរបស់អតិថិជនសរុប កើនឡើង២០,៥៩% និងឥណទានលើវិស័យឯកជនសរុប កើនឡើង២៤,៣៤%ផងដែរ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៥ ហើយឥណទានមិនដំណើរការស្ថិតនៅក្នុងកម្រិតទាបប្រមាណ៣,១២%។

ទន្ទឹមនឹងកំណើននៃប្រាក់កម្ចីនេះ លោកស្រី អ៊ុក ម៉ាលី បានបញ្ជាក់ថា មកពីកម្ពុជា អាចរក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សណ្ដាប់ធ្នាប់សង្គម និងជាពិសេសស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចយ៉ាងល្អប្រសើរ ដែលក្នុងឆ្នាំ២០១៥កន្លងទៅ កម្ពុជា អាចសម្រេចបាននូវកំណើនសេដ្ឋកិច្ចប្រកបដោយភាពរឹងមាំក្នុងរង្វង់៦,៩% ជាមួយក្ដីរំពឹងថា នឹងកើនឡើងដល់៧,១% នៅឆ្នាំ២០១៦ ព្រមជាមួយនឹងអតិផរណាអាចគ្រប់គ្រងបានក្នុងរង្វង់៣% និងតម្លៃប្រាក់រៀល បន្តមានស្ថិរភាពល្អ។ ទោះជាយ៉ាងណា លោកស្រីក៏បន្តឲ្យដឹងថា ធនាគារជាតិនៃកម្ពុជា ដែលជាអាជ្ញាធរអាណាព្យបាល នៅតែបន្តដាក់ឲ្យអនុវត្តនូវវិធានការម៉ាក្រូប្រុងប្រយ័ត្ន បុរេសកម្មចម្បងៗជាបន្តបន្ទាប់ ធ្វើយ៉ាងណាគ្រប់គ្រងហានិភ័យឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ដើម្បីពង្រឹងស្ថិរភាពហិរញ្ញវត្ថុឲ្យបានរឹងមាំ និងបង្កើនជំនឿទុកចិត្តដល់សាធារណជន និងវិនិយោគិន មកលើធនាគារកម្ពុជា។

ក្នុងឱកាសនាពិធីសម្ពោធសាខាថ្មីទី១០ និងទី១១ របស់ អអេចប៊ី ឥណ្ឌូឆៃណា លោកស្រី ទេសាភិបាលរង ក៏ដឹងឲ្យផងដែរថា រហូតមកដល់ខែមិថុនា ឆ្នាំ២០១៦ ធនាគារ អអេចប៊ី ឥណ្ឌូឆៃណា ដែលមានការរីកចម្រើនគួរឲ្យកត់សម្គាល់ មានសាខាចំនួន១០ ទ្រព្យសកម្មចំនួន៥៩៥លានដុល្លារ ឥណទានចំនួន៣៥៨លានដុល្លារ ប្រាក់បញ្ញើចំនួន២៥៣លានដុល្លារ ប្រាក់ចំណេញក្នុងគ្រាចំនួន២,៥៦លាន ព្រមទាំងមានអតិថិជនដាក់ប្រាក់បញ្ញើចំនួន២៧,៧៧១ និងអ្នកខ្ចីប្រាក់ចំនួន១,១២៧នាក់។

លោក លីម លូងសេង (Lim Loong Seng) អគ្គនាយកធនាគារ អអេចប៊ី ឥណ្ឌូឆៃណា ឲ្យដឹងផងដែរថា គិតត្រឹមបំណាច់ឆ្នាំ២០១៥ ទ្រព្យសកម្មសរុបរបស់ធនាគារបានកើនឡើងដល់៦២% ឥណទាន និងបុរេប្រទានបានកើនឡើង៥៩% និងប្រាក់បញ្ញើបានកើនឡើងចំនួន៥១%។ លោកបន្តថា អនុបាតហិរញ្ញវត្ថុសំខាន់ៗរបស់ធនាគារនៅតែរឹងមាំ និងរក្សាបានយ៉ាងល្អលើសតម្រូវការអប្បបរមាដែលកំណត់ដោយធនាគារជាតិនៃកម្ពុជា ដែលឆ្លុះបញ្ចាំងពីការគ្រប់គ្រងដោយប្រុងប្រយ័ត្នទៅលើហានិភ័យ និងវប្បធម៌អភិបាលកិច្ចរបស់ធនាគារ។

យ៉ាងណាក៏ដោយ លោកស្រី អ៊ុក ម៉ាលី ក្នុងនាមធនាគារជាតិនៃកម្ពុជា ក៏បានស្នើឲ្យធនាគារទាំងអស់ ជាពិសេសធនាគារ អអេចប៊ី ឥណ្ឌូឆៃណា យកចិត្តទុកដាក់អនុវត្តឲ្យបានពេញលេញនូវក្រមប្រតិបត្តិធនាគារ ដើម្បីលើកកម្ពស់ការផ្ដល់សេវាហិរញ្ញវត្ថុ ប្រកបដោយតម្លាភាព និងតម្លៃសមរម្យ ដើម្បីចៀសវាងនូវបន្ទុកបំណុលលើសលប់ ក៏ដូចជាពង្រឹងកិច្ចការពារអតិថិជនផងដែរ។

គួរជម្រាបថា ធនាគារ អអេចប៊ី ឥណ្ឌូឆៃណា ជាសមាជិកនៃសម្ព័ន្ធធនាគារ RHB Bank Group ដែលជាធនាគារផ្ដល់នូវសេវាហិរញ្ញវត្ថុពេញលេញ ធំលំដាប់ទី៤ នៅប្រទេសម៉ាឡេស៊ី បានបើកជាផ្លូវការនូវសាខាបឹងកេងកង និងសាខាម៉ៅសេទុង ថ្ងៃនេះ។ នេះជាសាខាទី១០ និងទី១១ របស់ អអេចប៊ី ដែលបានបើកក្នុងព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីដំណើរការអាជីវកម្មអស់រយៈពេល៨ឆ្នាំ ដែលនាំឲ្យមានសាខាសរុបចំនួន៧ នៅក្នុងរាជធានីភ្នំពេញ និងសាខា៤ផ្សេងទៀត នៅតាមបណ្ដាខេត្ត ដូចជា កំពង់ចាម បាត់ដំបង សៀមរាប និងខេត្តព្រះសីហនុ៕

1711161514131228569A5712 copy10976543124232221202827252618

មតិយោបល់