ភ្នំពេញៈ ជនសង្ស័យចំនួន៣នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ទន្លេបាសាក់ ធ្វើការចាប់ឃាត់ខ្លួន ខណៈដែលកំពុងឈរជួញដូរគ្រឿងញៀននៅចំណុចទីតាំងហ្គេមបាញ់ត្រី ដកហូតបានថ្នាំញៀន២៤កញ្ចប់ រួមជាមួយនិងទូហ្គេមបាញ់ត្រី១ទូ។ ការចាប់ខ្លួននេះបានធ្វើឡើងកាលពី វេលាម៉ោង១ និង២០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧ នៅចំណុចកន្លែងទូហ្គេមបាញ់ត្រី ផ្ទះលេខ 8GAE_0 ផ្លូវសុធារស ស្ថិតក្នុងក្រុម១ ភូមិ១ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានខាងលើនេះ ទី១មានឈ្មោះ ធឿន ចាន់ ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅផ្លូវបេតុង សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ។ ទី២មានឈ្មោះ កែវចន្ថា ភេទស្រី អាយុ៣២ឆ្នាំ ស្នាក់នៅផ្លូវ4GBអាគារប៊ូឌីញ ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន និងជនសង្ស័យទី៣ ឈ្មោះ វុធ វណ្ណារី ភេទស្រី អាយុ៣០ឆ្នាំ ជាអ្នកកាន់កាប់ទូហ្គេមបាញ់ត្រីខាងលើ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង សង្កាត់ស្រះចក ខណ្ឌដូនពេញ។
ប្រភពដដែលបានឲ្យដឹងទៀតថា មុននឹងឈានដល់ការចុះបង្ក្រាបនោះគឺ កម្លាំងសមត្ថកិច្ចបានល្បាតនិងរឹតបណ្តឹងនៅកន្លែងកើតហេតុខាងលើ រហូតដល់មានការសង្ស័យថា មានករណីជនសង្ស័យកំពុងតែឈរធ្វើសកម្មភាពជួញដូរគ្រឿងញៀននៅមុខទីតាំងហ្គេមបាញ់ត្រីនោះ កម្លាំងរបស់លោកក៏បានចុះឃាត់ខ្លួនបុរសស្ត្រី២នាក់ ដែលកំពុងតែឈរធ្វើសកម្មភាពជួញដូរគ្រឿងញៀន នៅនិងកន្លែងកើតហេតុ ដើម្បីធ្វើការឆែកឆេរត្រួតពិនិត្យរកឃើញថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន២៤កញ្ចប់តូច។ បន្ទាប់ក្រោយមកកម្លាំងសមត្ថកិច្ចក៏បានឃាត់ខ្លួនស្ត្រីម្នាក់ទៀតដែលជាអ្នកកាន់កាប់កន្លែងហ្គេមបាញ់ត្រី និងដកហូតទូរហ្គេមយកទៅរក្សាទុកនៅសាលាសង្កាត់ទន្លេបាសាក់ផងដែរ។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ខាងលើ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចនាំខ្លួនមកកាន់ប៉ុស្ដិ៍នគរបាលទន្លេបាសាក់ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីកសាងសំណុំរឿងបន្តបញ្ជូនខ្លួនទៅកាន់ តុលាការចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់