ភ្នំពេញៈ អគ្គិសនីកម្ពុជា ប្រកាសមុននេះបន្តិច ឲ្យដឹងថា នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ វេលាម៉ោង៩៖៥៥នាទីព្រឹក អគ្គិសនីកម្ពុជា សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីជាបណ្តោះអាសន្ននៅ ប.ត 281-F2 ដែលស្ថិតនៅផ្លូវ៤៦២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដើម្បីឲ្យក្រុមការងារបណ្តាញធ្វើការដាំបង្គោលដែលបាក់ដោយសាររថយន្តបុក។
ការផ្ដាច់ភ្លើងបណ្ដោះអាសន្នរបស់អគ្គិសនីកម្ពុជា ត្រូវបាន EDC បញ្ជាក់ថា អតិថិជននឹងមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅវេលាម៉ោង២៖៣០នាទីរសៀលថ្ងៃនេះដែរ។
គួរជម្រាបថា រថយន្តដឹកហ្គាសរបស់ក្រុមហ៊ុន LPG មួយគ្រឿង បានបុករះរបាំងថ្មចែកទ្រូងផ្លូវបាក់អស់ជាង២០កង់ ហើយបន្តល្បឿនទៅបុកបង្គោលភ្លើងមួយដើម លាន់ដូចរន្ទះ កាលពីវេលាម៉ោង១២៖៤០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ បណ្តោយមហាវិថីព្រះមុនីវង្ស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
ប្រភពឲ្យដឹងថា ហេតុការណ៍ខាងលើនេះ បង្កឡើងដោយរថយន្តដឹកហ្គាស ប្រភេទសណ្តោងមួយគ្រឿង ដែលគេសង្ស័យអ្នកបើកបរងងុយដេក ទើបរ៉េចង្កូតបុករបាំងថ្មចែកទ្រូងផ្លូវ បង្គោលភ្លើង និងបុកក្បាលបូមទឹកធ្លាយទឹកហូរបែកសាចដូចបាក់ទំនប់ទាំងយប់។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះ ត្រូវបានប្រជាពលរដ្ឋរិះគន់ដល់ក្រុមហ៊ុន LPG យ៉ាងខ្លាំងចំពោះការបើកបរដោយធ្វេសប្រហែសរបស់បុគ្គលិកក្រុមហ៊ុន។ ពួកគាត់ថា នេះសំណាងហើយដែលគ្រោះថ្នាក់នេះបានត្រឹមបង្កឲ្យខូចខាតសម្បត្តិរដ្ឋ ចុះបើបុកអ្នកដំណើរ ឬស៊ីទែនហ្គាសផ្ទុះវិញ តើវានឹងមានអន្តរាយប៉ុណ្ណា?៕

















មតិយោបល់