ព័ត៌មានជាតិ

ម៉ូតូ២គ្រឿងសាកកម្លាំងគ្នា ស្លាប់ម្នាក់ ដេកពេទ្យម្នាក់

រតនគិរី: ម៉ូតូនិងម៉ូតូបើកបរក្នុងទិសដៅបញ្ច្រសគ្នា ហើយបានបុកគ្នាពេញទំហឹង បណ្ដាលឲ្យ​ស្លាប់ម្នាក់នៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតកំពុងសង្គ្រោះ​​បន្ទាន់នៅមន្ទីរពេទ្យ។

គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៧និង៥៩នាទីយប់ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧ នៅត្រង់ចំណុចចម្ការលោកង៉ែត លើផ្លូវជាតិ៧៨ ស្ថិតនៅភូមិផ្អរ ឃុំប៉ាតេ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។

នគរបាលស្រុកអូរយ៉ាដាវបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញម៉ូតូកែច្នៃអត់ស្លាកលេខធ្វើដំណើរ​ក្នុងទិសដៅពីលិចទៅកើត មកដល់ចំណុចខាងលើ បានបុកជាមួយម៉ូតូម៉ាក C125 ស៊េរីឆ្នាំ2008 ពណ៌ខ្មៅ អត់ស្លាកលេខ ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន ពេញទំហឹងតែម្តង បណ្ដាលឲ្យស្លាប់ម្នាក់ របួសធ្ងន់ម្នាក់។

ជនរងគ្រោះដែលស្លាប់មានឈ្មោះ រចំ យួន ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិច្រាយ រស់នៅ​ភូមិជ្រុង ឃុំកក់ ស្រុកបកែវ ខេត្តរតនគិរី ។ ចំណែកម្នាក់ទៀតមាន​​ឈ្មោះ ស សុទ្ធភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ រងរបួសបាក់ជើងខាងស្តាំធ្ងន់ធ្ងរ។

ក្រោយពីកើតហេតុ សមត្ថកិច្ចនគរបាលចុះមកអន្តរាគមន៍ដឹកបញ្ជូនអ្នករងរបួសទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត ចំណែកសាកសព សមត្ថកិច្ចប្រគល់ទៅឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី។

បច្ចុប្បន្នម៉ូតូទាំង២គ្រឿង នគរបាលអូសយកមករក្សាទុកនៅប៉ុស្តិ៍ ដើម្បីដោះស្រាយគ្នាជាក្រោយ៕

មតិយោបល់