ភ្នំពេញៈ បើទោះជាបានប្រលងជាប់បាក់ឌុបត្រឹមនិទ្ទេសE ប៉ុន្តែតារាចម្រៀង សុវត្ថឌី ធិរិកា បានអះអាងថាមិនមានសតិអារម្មណ៍អន់ចិត្តនោះទេ។ ជាមួយគ្នានោះ កញ្ញាក៏ប្រកាសជ្រើសយកមុខវិជ្ជានៅឯមហាវិទ្យាល័យស្របតាមការចង់បានរបស់ម្ដាយ ក្នុងពេលដែលនាងមានបំណងចង់រៀនលើមុខវិជ្ជាផ្សេងនោះ។
សុវត្ថិឌី ធិរិកា បានថ្លែងប្រាប់ Post News ថា លទ្ធផលនិទ្ទេសE ដែលនាងទទួលបានគឺអ្វីដែលនាងសប្បាយចិត្ត ដោយសារតែក្នុងពេលរៀនគឺជាពេលដែលនាងត្រូវប្រលងក្នុងកម្មវិធី Cambodian Idol ។ នាងថាក្នុងចំណោមមុខវិជ្ជាទាំងអស់ មានតែ២មុខវិជ្ជាប៉ុណ្ណោះ គឺរូប និងជីវៈ ដែលទទួលបាននិទ្ទេស E ក្រៅពីនោះគឺបានត្រឹមតែមួយជាប់ៗប៉ុណ្ណោះ។ នាងនិយាយថា«ខ្ញុំគិតថាបានត្រឹមតែម៉ាជាប់នឹងគឺល្អហើយ បើកាលពីពេលរៀនខ្ញុំទៅរៀនបានតិចណឹង ដោយសារតែជាប់ប្រលងCambodian Idol ហើយក្រោយមកក៏ដើរច្រៀងរហូតនឹង!»។
នាងសម្រេចចិត្តជ្រើសយកមុខវិជ្ជាគណនេយ្យតាមបំណងរបស់ម្ដាយ ដោយសារតែម្ដាយរបស់នាងចង់ឲ្យនាងចេះដឹងលើមុខវិជ្ជានេះ និងចង់ឲ្យបម្រើការលើផ្នែកគណនេយ្យ។ យ៉ាងណាក៏ដោយ នាងថាមុខវិជ្ជាដែលនាងចង់រៀននៅក្នុងមហាវិទ្យាល័យគឺមុខវិជ្ជា សេដ្ឋកិច្ច និងច្បាប់ឯណោះទេ ប៉ុន្តែមកពីនាងមិនចង់ប្រឆាំងជាមួយម្ដាយ ទើបនាងសម្រេចជ្រើសយកមុខវិជ្ជាគណនេយ្យជាជំនួស។ នាងនិយាយថា«បើតាមខ្ញុំអត់ចូលចិត្តសោះគណនេយ្យអីនឹង តែម៉ាក់គាត់ស្រឡាញ់ ចឹងរៀនតាមគាត់ទៅ!»។ នាងថាហេតុផលដែលនាងសម្រេចចិត្តជ្រើសយកមុខវិជ្ជាតាមម្ដាយ គឺដោយសារតែម្ដាយពន្យល់ថាមុខវិជ្ជាគណនេយ្យស្រួលរកការងារ។
សុវត្ថិឌី ធិរិកា និយាយថាក្រោយចូលរៀនមហាវិទ្យាល័យ នាងនឹងនៅតែប្រឡូកសិល្បៈ ប៉ុន្តែទោះជាការសិក្សានៅមហាវិទ្យាល័យអាចនឹងធ្វើឲ្យនាងរវល់ច្រើនពិបាកទទួលការងារច្រៀងរាំតាមខេត្ត។ នាងថានឹងខំរៀនមុខវិជ្ជាគណនេយ្យតាមម្ដាយឲ្យបានល្អ ថ្វីដ្បិតតែការជម្រើសយកមុខវិជ្ជានេះមិនមានជាចំណូលចិត្តរបស់ខ្លួន៕
គួរបញ្ជាក់ថា សុវត្ថិឌី ធិធិរិកា ជាអតីតសិស្សវិទ្យាល័យបឹងត្របែក និងជាសិស្សប្រលងនៅមណ្ឌលវិទ្យាល័យបឹងត្របែក៕
មតិយោបល់