ព័ត៌មានជាតិ

តុលាការឃុំខ្លួន ក្រុមជួញដូរគ្រឿងញៀន១០នាក់

កណ្តាលៈ នៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧ កម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការនគរបាលខេត្តកណ្តាល បានបញ្ជូនក្រុមជួញដូរគ្រឿងញៀនចំនួន១០នាក់ មកកាន់សាលាដំបូងខេត្តកណ្តាល ដើម្បីធ្វើការវិនិច្ឆ័យទោស តាមផ្លូវច្បាប់។

មន្ត្រីនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការនគរបាលខេត្តកណ្តាល បានឲ្យដឹងថា ក្រុមជួញដូរគ្រឿងញៀន១០នាក់ ក្នុងនោះទី១ឈ្មោះ សុវណ្ណ មុន្នី ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិបត្តាជី១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល មុខរបរ មិនពិតប្រាកដ។ ទី២ឈ្មោះ មឿន កាត់ត្រើយ ហៅអាកាត់ ភេទប្រុស អាយុ ២៦ឆ្នាំ នៅភូមិបត្តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ។ ទី៣.ឈ្មោះ ម៉ៅ ចាន់ណារ៉ា ហៅមាំង ភេទប្រុស អាយុ៣១ឆ្នាំ នៅភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្ដាល មុខរបរមិនពិតប្រាកដ។ ទី៤.ឈ្មោះមឿន សារ៉ាយ ភេទប្រុស អាយុ៣២ឆ្នាំ នៅបត្តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ
ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ។ ទី៥.ឈ្មោះ អោក វណ្ណា ហៅមាំង ភេទប្រុស អាយុ៣២ឆ្នាំ នៅភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល មុខរបរមិនពិតប្រាកដ។ទី៦.ឈ្មោះ មឿន ផល្លី ភេទប្រុស អាយុ៣៩ឆ្នាំ នៅភូមិបត្តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ។ ទី៧.ឈ្មោះ ទ្រី វណ្ណៈ ភេទប្រុស អាយុ៣៧ឆ្នាំ នៅភូមិបត្តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ។ ទី៨.ឈ្មោះ ហេង ពេជ្រ ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិបត្តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ។ ទី៩.ឈ្មោះ ហន ពិសិដ្ឋ ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅភូមិបត្តាជី សង្កាត់ព្រែកហូរ
ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ និងជនសង្ស័យទី១០.ឈ្មោះ ចាន់ ស្រីពេជ្រ ភេទស្រី អាយុ២៤ឆ្នាំ នៅភូមិបត្តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ។

កាលពីព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧ បានត្រូវចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល លោក សាយ សម្ភស្សសេរី បានសម្រេចចេញដីការឃុំខ្លួនបណ្តោះអាសន្ន ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន តាមមាត្រា៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។

សូមរំឭកផងដែរថា ក្នុងរយៈពេលប្រហែលកន្លះម៉ោង កម្លាំងនគរបាលអធិការក្រុងតាខ្មៅ សហការជាមួយកម្លាំងប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការនគរបាលខេត្តកណ្តាល ដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ ស៊ឹម ប៊ុតបណ្ឌឹត អធិការក្រុងតាខ្មៅ និងលោកវរសេនីយ៍ ចំរើន បញ្ញា អធិការរងក្រុងតាខ្មៅ មានការចូលរួមពីកម្លាំងផ្នែកប្រឆាំងគ្រឿងញឿននៃអធិការក្រុងតាខ្មៅ និងមានការបញ្ជារដ៍ម៉ឺងម៉ាត់របស់ ឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល បានបើកប្រតិបត្តិការបង្ក្រាបសម្បុកក្រុមជួញដូរគ្រឿងញៀនបានជនសង្ស័យ១០នាក់ ប្រុស៩នាក់ ស្រីម្នាក់ រួមនិងថ្នាំញៀន ឧបករណ៍ចែកចាយគ្រឿងញៀន និងវត្ថុតាងមួយចំនួនធំផងដែរ កាលពីវេលាម៉ោង៩ និង៣០នាទី ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៦ នៅចំណុច ភូមិបត្តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

វត្ថុតាងដកហូតបានរួមមាន ក្រាមពណ៌សថ្លាសង្ស័យ ជាសារធាតុញៀនមេតំហ្វេតាមីន (ម៉ាទឹកកកice) ចំនួន២កញ្ចប់ ក្នុងនោះមាន១កញ្ចប់ធំ និងតូច១កញ្ចប់, សម្ភារៈសម្រាប់វេចខ្ចប់ និងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន,ដាវស៊ាំម៉ូរ៉ៃ ចំនួន២ដើម ,កាំភ្លើងកែច្នៃចំនួន២ដើម (កាំភ្លើងខ្យល់),លុយដុល្លារចំនួន ២ដុល្លារ, លុយបាតចំនួន ៧០បាត,ទូរសព្ទ ម៉ាក អិនចុចពិលចំនួន៣គ្រឿង, កង់តួស្រីពណ៌ផ្កាឈូក ចំនួន១គ្រឿង។

លោកអធិការបានបញ្ជាក់ថា នៅវេលាកើតហេតុខាងលើ កម្លាំងនគរបាលផ្នែកប្រឆាំង គ្រឿងញៀនក្រុងតាខ្មៅ និង នគរបាលប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រែកហូរ បានចេញល្បាតដល់ចំណុចកើតហេតុខាងលើ បានឃើញជនសង្ស័យទី១ កំពុងជិះកង់ដោយមានការសង្ស័យក៏បានឃាត់ត្រួតពិនិត្យរកឃើញថ្នាំញៀន១កញ្ចប់តូច។ ពេលសមត្ថកិច្ចធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថាខ្លួនបានទិញពីឈ្មោះខឿន នៅផ្ទះរបស់ជនសង្ស័យទី២ ទើបឈានដល់ទៅធ្វើការឆែកឆេរ
រកឃើញវត្ថុតាងបន្ថែមទៀតដូចបានរៀបរាប់ខាងលើរួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីធ្វើការសាកសួរនិង ចាត់ការតាមនីតិវិធីច្បាប់៕

https://youtu.be/lOwlrZjcG5Y

មតិយោបល់