ព័ត៌មានជាតិ

នគរបាលខណ្ឌសែនសុខចុះបង្ក្រាបគ្រឿងញៀនដូចភ្លៀងរលឹម

ភ្នំពេញៈ រយៈពេលចុងក្រោយនេះ នៅអធិការដ្ឋានន​គរបាលខណ្ឌសែនសុខ បន្តចុះបង្ក្រាបមុខសញ្ញាជួញដូរ និង​ប្រើប្រាស់គ្រឿងញៀនជាបន្តបន្ទាប់តែម្តងមិនថាយប់ ឬថ្ងៃឡើយ គឺធ្វើឲ្យ​ដូចភ្លៀងរលឹម ក្រោមការដឹកនាំពីលោកវរសេនីយ៍ឯក ម៉ក់ ហុង អធិការខណ្ឌ។

ជាក់ស្តែងនាព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧ នេះ លោកវរសេនីយ៍ទោ ហង្ស មុន្នី អធិការងខណ្ឌ និងលោកវរសេនីយ៍ សារឹម វុទ្ធី អធិការរងខណ្ឌបានដឹងនាំកូន​​ចៅ​​ ចុះបង្ក្រាបទីតាំងជួញដូរ និងប្រើប្រាស់គ្រឿងញៀននៅក្នុងមូលដ្ឋានដោយឃាត់ខ្លួនជនសង្ស័យ៥នាក់ ក្នុងនោះស្រី២នាក់ដកហូតថ្នាំញៀនមួយកញ្ចប់ និងឧបករណ៍ប្រើប្រាស់មួយចំនួន និងទូហ្គេមវាយពង់ចំនួន៧ និងទូបាញ់ត្រីចំនួន៣ នៅចំណុចភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ជនសង្ស័យទាំង៥នាក់ នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។

លោកវរសេនីយ៍ សារឹម វុទ្ធី អធិការរងខណ្ឌបានមានប្រសាសន៍ថា ក្រោមការដឹកនាំរបស់លោកវរសេនីយ៍ឯក ម៉ក់ ហុង អធិការខណ្ឌ និងដោយមានបទបញ្ជាពីលោកអគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញ បានបញ្ជាមកលោកឲ្យ​ចុះសហការ និងធ្វើរដ្ឋបាលនៅចំណុចខាងលើ ដែលជាតំបន់ស្មុគស្មាញ ទើបលោកដឹកនាំកម្លាំង​ចុះមកបង្ក្រាបឲ្យ​ដូចភ្លៀងរលឹមក្នុងនោះឃាត់ខ្លួនក្មេងដែលតែងតែដើរចោលផ្ទះ និងប្រមូលផ្តុំប្រើប្រាស់គ្រឿងញៀនបាន៥នាក់ស្រី២ និងដកហូតសម្ភារៈប្រើប្រាស់គ្រឿងញៀន និងគ្រឿងញៀនមួយចំនួនទូហ្គេមបាញ់ត្រីចំនួន៣ និងទូវាយពង់ចំនួន៧។

គួរបញ្ជាក់ថា ទីតាំងដែលសមត្ថកិច្ចចុះបង្ក្រាបខាងលើនេះ ប្រមូលផ្តុំដោយក្មេងទំនើងបងតូចបងធំដែលតែងតែមកជួបជុំគ្នា ដើម្បីជម្រកសម្រាប់​ប្រើប្រាស់គ្រឿងញៀន ទោះបីសមត្ថកិច្ចមូលដ្ឋានខិតខំនិងព្យាយាមបង្ក្រាបជាច្រើនលើច្រើនសារយ៉ាងណាក៏ដោយក៏មិនចេះអស់ ដែលយើងសង្គេតឃើញថាក្នុងខែនេះកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌសែនសុខបានចុះបង្ក្រាបជាប់ៗតែម្តងមិនថាយប់ឬថ្ងៃឡើយ។

គួរបញ្ជាក់ថា ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៧ មកដល់ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៦នេះ សមត្ថកិច្ចខណ្ឌសែនសុខបង្ក្រាបបានអ្នកប្រើប្រាស់ និងជួញដូរគ្រឿងបានប្រហែល៧០នាក់មកហើយ នឹងបច្ចុប្បន្នកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការខណ្ឌ និងខ្លះបញ្ជូនទៅកាន់តុលាការ និងមណ្ឌលកែរប្រែរផងដែរ។

បច្ចុប្បន្នក្រុមប្រើប្រាស់គ្រឿងញៀនរួមទាំងវត្ថុតាងខាងលើត្រូវបាននាំខ្លួនយកទៅធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ៕

មតិយោបល់