ព័ត៌មានជាតិ

សប្បាយក្លាយជាទុក្ខ!. ចេញពីការគេ បើកម៉ូតូចូលក្រោមឡាន ស្លាប់ទាំង២នាក់

ស្ទឹងត្រែងៈ យុវជន២នាក់ ក្រោយពីចេញពីផឹកស៊ី ក្នុងពិធីមង្គលការមួយកន្លែង ក្នុងភូមិស្រែក្រសាំង បើកម៉ូតូយ៉ាងលឿនក្នុងស្ថានភាពស្រវឹងដល់ផ្លូវកែងជាន់ហ្វ្រាំងមិនជាប់បោលចូលក្រោមរថយន្តទាំងកម្រោល អូសជិត១០០ម៉ែត្រ ស្លាប់ទាំង២នាក់ភ្លាមៗយ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទី យប់ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧ ត្រង់ចំណុចផ្លូវកែងទល់មុខស្នាក់ការភ្នំក្រហម ស្ថិតក្នុងភូមិរាជានុកូល ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

រថយន្តបង្កជាប្រភេទរថយន្តកូរ៉េ២តោនកន្លះ ក្បាលពណ៌ស ទ្រុងពណ៌ខៀវ ពាក់ស្លាកលេខ ព្រះសីហនុ 3A-1896 បើកចេញពីទីរួមខេត្តឆ្ពោះទៅក្រុងភ្នំពេញ ហើយបន្ទាប់ពីកើតហេតុ ភ្លាមតៃកុងរថយន្តបានដាក់មេប្រ៉ូចបាត់ស្រមោល។ ចំណែកឯម៉ូតូជនរងគ្រោះម៉ាក ហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខ ភ្នំពេញ 1GB-0392 ស្លាប់ទាំង២នាក់។

អ្នកដែលបានឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញម៉ូតូ១គ្រឿងជិះឌុបគ្នា២នាក់ ក្នុងល្បឿនលឿនសង្ស័យថាស្រវឹងស្រា លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្តមួយគ្រឿងទៀត បើកចេញពីទីរួមខេត្ត ខណៈពេលនោះស្រាប់តែម៉ូតូ បានបើកចូលខាងក្រោមរថយន្តដោយគ្មានស្នាមជាប់ហ្វ្រាំង សូម្បីតែបន្តិចបណ្តាលឲ្យអូសតាមរថយន្តប្រហែលជា១០០ម៉ែត្រ ស្លាប់ភ្លាមៗតែម្តង។

បច្ចប្បន្នរថយន្តបង្ករួមនិងម៉ូតូ ត្រូវបានសមត្ថកិច្ចហៅរថយន្តស្ទូច មកស្ទូចយកទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយគ្នាតាមផ្លូវច្បាប់។ ចំណែកឯសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់