កំពតៈ កម្លាំងមន្ទីរយុត្តិធម៌នៃកងរាជអាវុធហត្ថខេត្តកំពត ដឹកនាំដោយលោកវរសេនីយ៍ទោ ហែម ចាន់ដារ៉ា មេបញ្ចាការរង និងជាប្រធានមន្ទីរយុត្តិធម៌នៃកងរាជអាវុធហត្ថខេត្ត និងសម្របសម្រួលដោយលោក ខៃ សម្ផស្ស ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពត កាលពីវេលាម៉ោង៥និង៣៥នាទីល្ងាចថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧ ម្សិលមិញបានចុះបង្ក្រាបមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ៣នាក់ នៅចំណុច ភូមិក្រាំង សង្កាត់ក្រាំងអំពិល ក្រុងកំពតខេត្តកំពត។
លោកវរសេនីយ៍ទោ ហែម ចាន់ដារ៉ា មេបញ្ជាការរង ដែលដឹកនាំប្រតិបត្តិការនេះ បានបញ្ជាក់ថា ជនសង្ស័យទី១មានឈ្មោះ ហុង ស៊ីថា ហៅ ពៅ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ មិនពិតប្រាកដ ទី២ឈ្មោះ អ៊ុក សិលា ហៅពៅ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ ជាងឈើ និងទី៣ឈ្មោះ អ៊ុក វិចិត្រ ហៅតូ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ ជាងឈើដូចគ្នា ទាំងបីនាក់ស្នាក់នៅទីតាំងខាងលើ។
វត្ថុតាងដែលដកហូតបានរួមមាន ៖ គ្រឿងញៀន២កញ្ចប់តូច មានទម្ងន់ស្មើនឹង 1,35 ក្រាមនិងម៉ូតូ១គ្រឿងម៉ាក zusuki គ្មានស្លាកលេខ។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ រួមនឹងវត្ថុតាង សមត្ថកិច្ចកំពុងសាកសួរ និងឃុំខ្លួនបណ្ដោះអាសន្ននៅបញ្ជាការដ្ឋានកងរាជអាវុធខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕
មតិយោបល់