ភ្នំពេញៈ ជនសង្ស័យចំនួន២២នាក់ ក្នុងនោះមានស្ត្រីចំនួន២នាក់ ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌសែនសុខ កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាសំបូងរាជធានីភ្នំពេញដើម្បីសម្រេចធ្វើការសាកសួរនិងផ្តន្ទាទោស កាលពីវេលាម៉ោង៨និង
៣០ព្រឹក ថ្ងៃទី៦ ខែមករា ឆ្នាំ២០១៧នេះ ក្រោយពីឃាត់ខ្លួនយកមកសាកសួរនិងធ្វើតេស្តទឹកនោមឃើញមានផ្ទុកនូវសារធាតុញៀនរួចមក។
សមត្ថកិច្ចបានប្រាប់ថាជនសង្ស័យដែលបញ្ជូនទៅព្រឹកនេះមាន២២នាក់ក្នុងនោះស្ត្រី២នាក់ សុទ្ធតែពាក់ព័ន្ធនិងប្រើប្រាស់គ្រឿងដែលសមត្ថកិច្ចបង្ក្រាបថ្មីៗនេះ។
លោកវរៈសេនីយ៍ឯក ម៉ក់ ហុង អធិការខណ្ឌបានមានប្រសាសន៍ឲ្យដឹងថា ដោយមានបទបញ្ជាពីលោកអគ្គស្នងការរងនិងជាស្នងការរាជធានីភ្នំពេញ និងមានការសម្របសម្រួលពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលា ដំបូងរាជធានីភ្នំពេញបានបញ្ជាមកលោកឲ្យចុះសហការនិងបង្ក្រាបក្នុងមូលដ្ឋានទើបលោកដឹកនាំកម្លាំងដោយសហការសាលាខណ្ឌសែនសុខ និងជាមួយកម្លាំងតាមបណ្តាប៉ុស្តិ៍ទាំង៤ ក្នុងមូលដ្ឋាន ចុះមកបង្ក្រាបឲ្យដូចភ្លៀងរលឹម ពិសេសតំបន់មុខមន្ទីរពេទ្យព្រះកុសុមៈ និងឃាត់ខ្លួនបានក្រុមខាងលើនេះតែម្តង។
គួររំឭកថាជនសង្ស័យទាំង២២នាក់ខាងលើនេះត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់ក្នុងសង្កាត់ទាំង៤ របស់ខណ្ឌសែនសុខ ក្រោយពីធ្វើការសាកសួរ និងធ្វើតេស្តទៅលើទឹកនោមចប់ ក៏បានបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នាព្រឹកនេះតែម្តង៕
មតិយោបល់