ព័ត៌មានជាតិ

ពលរដ្ឋថា សម្បុកល្បែងស៊ីសងគ្រប់ប្រភេទក្នុងឃុំព្រែកត្នោត អាជ្ញាធរនិងសមត្ថកិច្ចទុកចិញ្ចឹមឆ្នាំងបាយ

កំពត: ប្រជាពលរដ្ឋឃុំព្រែកត្នោត នៃស្រុកទឹកឈូ ខេត្តកំពត បានលើកឡើងថា សម្បុកល្បែងស៊ីសងគ្រប់ប្រភេទក្នុងមូលដ្ឋានរបស់ពួកគាត់ ពុំមានអាជ្ញាធរ ឬសមត្ថកិច្ច អើពើនោះឡើយ។ ផ្ទុយទៅវិញបែរជាមានឈ្មោះ អាជ្ញាធរ និង សមត្ថកិច្ច ជាប់ហ៊ុនទៅវិញ។

យោងតាមសេចក្តីរាយការណ៍បានបញ្ជាក់ថា សម្បុកល្បែងស៊ីសងខាងលើ គឺមានទីតាំងនៅ ភូមិត្រពាំងរពៅ ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត ហើយមានល្បែងបញ្ជល់មាន់ អាប៉ោង យូគីក្រដាសរូបសត្វ និងកន្ទុយលេខជាដើម។

ប្រភពដដែលបញ្ជាក់ថា មានថៅកែគ្រឿងសមុទ្រ២នាក់ ទី១.ឈ្មោះ ម៉េង និងទី២ឈ្មោះ ធេង ជាអ្នកកាន់កាប់សម្បុកល្បែងនេះ បូករួមទាំងមន្ត្រីប៉ុស្តិ៍និងអាជ្ញាធរផងនោះ ក៏មានទំនាក់ទំនងគ្នាយ៉ាងស្អិតរមួតជាមួយរឿងនេះដែរ ដែលពួកគាត់បានសង្ស័យថា គឺជាការឃុបឃិតនិងត្រូវរ៉ូវគ្នាជាប្រព័ន្ធ ធ្វើព្រងើយកន្តើយ លាក់បាំងថ្នាក់លើ ដើម្បីតែលាភសក្ការ:តែប៉ុណ្ណោះ។

ទាក់ទងនឹងការចោទប្រកាន់ទាំងអស់នេះ លោក អនុសេនីយ៍ឯក ភី ឌក នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រែកត្នោតបាន មានប្រសាសន៍ថា «ទាក់ទងនឹងល្បែងទាំងនេះ លោកពុំបានដឹងថាមាននោះទេ រឿងនេះសុំអ្នកសារព័ត៌មានសួរលោក លឿង សារុន ដែលជាប៉ូលិសភូមិនោះតែម្តងទៅទើបដឹងច្រើនជាង ព្រោះពេលខ្លះមន្ត្រីភូមិទាំងនោះ បានទទួលសំណូក ពីល្បែងទាំងនោះដែរ»

ចំណែកលោក លឿង សារុន ប៉ូលិសភូមិតំបន់ត្រពាំងរពៅ នៃឃុំព្រែកត្នោត ពុំអាចសុំការបំភ្លឺបាននោះទេជុំវិញការលើកឡើងខាងលើ ដោយសារទូរសព្ទចូលជាច្រើនដង តែលោកបានចុចបិទ ពុំរវីរវល់។ រីឯលោក គង់ ប៊ុនរា ដែលជាមេឃុំ ព្រែកត្នោត បានចុចបិទទូរសព្ទមិនអាចទំនាក់ទំនងបាន។

ប៉ុន្តែទោះជាយ៉ាងណា ក៏ដោយពលរដ្ឋតំបន់នោះ បានទទូចស្នើសូម ដល់អាជ្ញាធរ ស្រុក ក៏ដូចជាលោកអភិបាលខេត្ត សូមមេត្តាជួយទប់ស្កាត់ និងបង្ក្រាបល្បែងទាំងនោះ ទើបជាការល្អ ព្រោះសព្វថ្ងៃល្បែងស៊ីសងទាំងនេះ បានផ្តល់ផលប៉ះពាល់ជាច្រើនដូចជា សំឡេងហូរកញ្ជ្រៀវរំខានដំណេក ការដាក់យានជំនិះពាសវាល ពាសកាល បាំងផ្លូវធ្វើដំណើរ និងបង្កទៅជាការកើតមាននូវករណីចោរកម្ម ថែមទៀតផង។ ទាំងនេះគឺជាការរិះគន់ចំៗយ៉ាងធ្ងន់ធ្ងរ និងបង្ហាញពីភាពគ្មានប្រសិទ្ធភាព ដល់គោលនយោបាយ ភូមិ-ឃុំ មានសុវត្ថភាពរបស់រាជរដ្ឋាភិបាល៕

//youtu.be/Bae5wtGQwBA

មតិយោបល់