ព័ត៌មានជាតិ

រថយន្តក្រុងឆក់យកជីវិតស្រ្តីម្នាក់ទៀតហើយ

ព្រៃវែងៈ រថយន្តក្រុងរបស់ក្រុមហ៊ុន kumhosamko (ក្រុមហ៊ុនវៀតណាម)បានបើកបុកម៉ូតូម៉ាកស្មាស់រីវូ ពីក្រោយយ៉ាងពេញទំហឹង ហើយកិនស្រ្តីម្នាក់បែកក្បាលខ្ទេច និងកូនក្មេងអាយុ៤ឆ្នាំម្នាក់ រងរបួសធ្ងន់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរខាងលើ បានកើតឡើងកាលពីល្ងាចថ្ងៃទី៦ ខែមករា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ១ វេលាម៉ោង៣ និង៥៥នាទីល្ងាច ស្ថិតក្នុងភូមិជ្រលង ឃុំប្រាសាទ ស្រុកកំពុត្របែក ខេត្តព្រៃវែង។

ពាក់ពន្ធ័ករណីខាងលើនេះដែរ ប្រភពពីប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញស្រ្តីរងគ្រោះ ឈ្មោះឆាយ សុភីបាន ភេទស្រីអាយុ៤៨ ឆ្នាំ រស់នៅភូមិចំបក់ ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បានជិះម៉ូតូមួយគ្រឿង ម៉ាកស្មាស់រីវ៉ូពណ៌ក្រហមលាយខ្មៅ និងឌុបក្មេងស្រីម្នាក់ អាយុប្រហែលជា ៤ឆ្នាំនៅពីមុខ ក្នុងទិសដៅពីកើតទៅលិច ហើយពេលដែលមកដល់ចំណុច កើតហេតុ ក៏ស្រាប់តែមានរថយន្តក្រុងមួយគ្រឿងរបស់ក្រុមហ៊ុន kumhosamko ដឹកភ្ញៀវទេសចរណ៍ពណ៌ក្រហម ពាក់ស្លាកលេខ 51B.14275 បើកបរក្នុងល្បឿនយ៉ាងលឿន ហើយបានបុកម៉ូតូស្រ្តីរងគ្រោះពីក្រោយយ៉ាងពេញទំហឹង និងកិនស្រ្តីរងគ្រោះបែកក្បាលខ្ទេចស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកឯក្មេងស្រីអាយុ៤ឆ្នាំដែលនៅពីមុខ ខ្ទាតចេញពីម៉ូតូរងរបួសធ្ងន់ ត្រូវបានភ្ញៀវជិះលើរថយន្តជួយលើកយកឲ្យប្រជាពលរដ្ឋ នៅជិតនោះដឹកយក ទៅមន្ទីពេទ្យផងដែរ។

ក្រោយពេលកើតហេតុគេឃើញសមត្ថកិច្ចនៃអធិការដ្ឋាននគបាលស្រុកកំពង់ត្របែកចុះដល់កន្លែងកើតហេតុធ្វើការវាស់វែងនិងស្រាវជ្រាវឲ្យក្រុមគ្រួសារជនរងគ្រោះ ហើយបានប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

សមត្ថកិច្ចបានបញ្ជាក់ថា អ្នកបើករថយន្តក្រុងខាងលើ ក្រោយបង្ករបានរត់គេចខ្លួនបាត់ តែប្រជាពលរដ្ឋនៅកន្លែងកើតហេតុ ក៏ដូចជាអ្នកធ្វើដំណើរ បានប្រាប់ឲ្យដឹងថា អ្នកបើកបររថយន្ត ត្រូវបានពលរដ្ឋនៅទីនោះ ចាប់ឃាត់ខ្លួនបាន នៅនឹងកន្លែងកើតហេតុ។

នៅក្នុងករណីខាងលើ លោកអធិការនគបាលស្រុកកំពង់ត្របែក បានបញ្ជាក់ប្រាប់ថា មកទល់ពេលនេះ រថយន្តបង្ករ និងងម៉ូតូ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគបាលស្រុករងចាំដោះស្រាយតាមច្បាប់៕

មតិយោបល់