ព័ត៌មានជាតិ

ជនសង្ស័យពីរនាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីដាក់ឲ្យធ្វើចរាចរណ៍នូវរូបិយបណ្ណក្លែងក្លាយ

សៀមរាបៈ ថ្ងៃច័ន្ទ ១០កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ឃាត់ខ្លួនជនសង្ស័យ ចំនួន០២នាក់ ពាក់ព័ន្ធករណីដាក់ឲ្យធ្វើចរាចរណ៍នូវរូបិយវត្ថុ និងរូបិយបណ្ណក្លែងក្លាយ ស្ថិតក្នុងភូមិសាស្រ្ត ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប ។

ជនសង្ស័យ៖ ១.ឈ្មោះ រ៉េត ពន្លក ភេទប្រុស អាយុ៣១ឆ្នាំ ,២.ឈ្មោះ លឹម ឡៃហ៊ាង ភេទស្រី អាយុ ២៦ ឆ្នាំ ទាំងពីរនាក់នេះ មានទីលំនៅភូមិបាខម ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។

ដំណើររឿងហេតុ៖ កាលពីវេលាម៉ោង១៣និង៣០នាទី ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ជនសង្ស័យ០២នាក់ បានធ្វើសកម្មភាព ជិះម៉ូតូមកពីខេត្តព្រះវិហារ មកកាន់ខេត្តសៀមរាប តាមដងផ្លូវជាតិលេខ៦៤ ដោយយកក្រដាសប្រាក់ ក្លែងក្លាយ (ក្រដាសប្រាក់ ៥០០០០៛ និងក្រដាសប្រាក់១០០០០៛) មកចាយនៅក្នុងភូមិសាស្រ្ត ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប ដោយរូបភាពយកក្រដាសប្រាក់ក្លែងក្លាយ៥០០០០៛ ទៅទិញកាតទូរស័ព្ទតម្លៃ១$ ដើម្បីទទួលបានប្រាក់អាប់ជាប្រាក់សុទ្ធ ត្រឡប់មកវិញចំនួន៤៥៥០០៛ សកម្មភាពរបស់ពួកគេ បានធ្វើជាច្រើនតូបលក់ ។ ចាប់ពីស្រុកគូលែនខេត្តព្រះវិហារ រហូតដល់ស្រុកស្វាយលើ ខេត្តសៀមរាប ។ ក្រោយទទួលបានបណ្តឹងពីជនរងគ្រោះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ យកធ្វើការសាកសួរ ។

ចម្លើយសារភាពរបស់ពួកគេ គឺពិតជាបានប្រព្រឹត្តិសកម្មភាពខាងលើពិតប្រាកដមែន និងបានឆែកឆេរកាបូបជនសង្ស័យ រកឃើញក្រដាសប្រាក់ក្លែងក្លាយ ចំនួន១៥,៧០០,០០០៛ (ដប់ប្រាំលានប្រាំពីរសែនរៀល) ក្នុងនោះក្រដាស ៥០០០០៛ ក្លែងក្លាយមានចំនួន ១៣៩០០,០០០៛ (ដប់បីលានប្រាំបួនសែនរៀល) ក្រដាស ១០០០០៛ ក្លែងក្លាយមានចំនួន ១,៨០០,០០០៛ (មួយលានប្រាំបីសែនរៀល) និងប្រាក់សុទ្ធជាប្រាក់រៀលខ្មែរមួយចំនួនទៀត ក្រៅពីនេះឆែកឃើញអត្តសញ្ញាណប័ណ្ណ កាតធនាគារប័ណ្ណបើកបរ ទូរស័ព្ទដៃ កាតទូរស័ព្ទ metfone និងកាតទូរស័ព្ទ smart មួយចំនួនទៀត ។

បច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់ខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់