ភ្នំពេញៈ រថយន្តដឹកដីចំនួន៦គ្រឿង ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោក ធ្វើការឃាត់ត្រួតពិនិត្យច្បាប់អាជីវកម្ម និង ជាផ្លូវហាមឃាត់នៅតាមបណ្តោយផ្លូវកម្ពុជាក្រោម ស្ថិតនៅខាងមុខវិទ្យាល័យជាស៊ីមសន្ធរម៉ុក សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីព្រឹកម៉ោង៩និង១៥នាទី ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៧ ។
យោងតាមប្រជាការពារសាលាខណ្ឌទួលគោកបានឲ្យដឹងថា ដោយមានបទបញ្ជាពីលោកអភិបាលខណ្ឌ ឲ្យចុះចាប់ឃាត់រថយន្តដឹកដី បើកបរតាមផ្លូវកម្ពុជាក្រោម ដែលជាផ្លូវហាមឃាត់ ដើម្បីត្រួតពិនិត្យមើលច្បាប់អាជីវកម្ម ព្រមទាំងធ្វើការផាកពិន័យចំពោះការធ្វើឲ្យមានការធ្លាក់ដីលើផ្លូវផងដែរ ។
យោងតាមអ្នកម៉ៅការនៃរថយន្តដឹកដី បានមកធ្វើការតវ៉ាជាមួយខាងសាលាខណ្ឌទួលគោក ដែលបានដឹកនាំកម្លាំងចុះទៅចាប់ឃាត់រថយន្តដឹកដីខាងលើ ថាខាងរថយន្តដឹកដីទាំងអស់មានច្បាប់អនុញ្ញាត តែមិនបានយកឯកសារមក ហើយរថយន្តដឹកដីទាំងនោះដឹកដីឲ្យការដ្ឋានដាក់លូតាមផ្លូវសាធារណៈនិងជួសជុលផ្លូវរបស់សាធារណៈការនិងដឹកជញ្ជូន ។
យោងតាមតំណាងសាលាខណ្ឌទួលគោកម្នាក់បានប្រាប់ឲ្យដឹងថា ការឃាត់រថយន្តខាងលើមកទុកនៅសាលាមានចំនួន៦គ្រឿង ដើម្បីដោះស្រាយនៅពេលក្រោយ ហើយផ្អែកទៅលើ៣ចំណុចមាន ១. ផ្លូវហាមឃាត់ ២. រងចាំម្ចាស់រថយន្តយកច្បាប់អាជីវកម្មមកត្រួតពិនិត្យ និង ៣. បញ្ហាការធ្វើឲ្យកខ្វក់ផ្លូវដោយមានការហូរទឹកនិងធ្លាក់ដីមកលើផ្លូវជាដើម ៕
មតិយោបល់