ព័ត៌មានជាតិ

រន្ធត់ណាស់!​ គោយន្តកន្ត្រៃ​ បុកម៉ូតូពេញ​​ទំហឹង បុរសម្នាក់ធ្លាយពោះវៀនចេញក្រៅ និង២នាក់ទៀតរងរបួសធ្ងន់

ឧត្តរមានជ័យ: គោយន្តកន្ត្រៃបើកចូលគន្លងរំលោភផ្លូវរបស់គេទាំងស្ថានភាពយប់ងងឹត បង្កឲ្យម៉ូតូបើកបុកមួយទំហឹង បណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់ដាច់ចេញពោះវៀន​មកក្រៅ និង២នាក់ទៀតរងរបួសធ្ងន់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់នេះ កើតឡើងនៅ​យប់ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៧ នៅចំណុច​លើផ្លូវកោងគ្រួសក្រហម ស្ថិតក្នុងភូមិគោកត្រាង មកភូមិគោករាំង ឃុំជើងទៀន ស្រុកចុងកាល់ ​ខេត្តឧត្តរមានជ័យ។

មន្ដ្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា ​ករណីគ្រោះថ្នាក់ចរាចរណ៍នេះ គឺ​អ្នកបើកបរគោយន្តកន្ត្រៃបើកចូលគន្លងផ្លូវខាងម៉ូតូ ហើយ​ស្ថានភាពងងឹត ក្នុងទិសដៅបញ្ច្រាសទិស​ពីត្បូងទៅជើង បណ្តាលឲ្យម៉ូតូបើកបុកពេញទំហឹង​។

នគរបាលបន្តថា ជនរងគ្រោះអ្នកបើកបរម៉ូតូ ឈ្មោះ យើម កែវ អាយុ២០ឆ្នាំ ស្លាប់ធ្លាយពោះវៀនចេញក្រៅ និងជនរងគ្រោះ២នាក់ទៀតដែលរងរបួសធ្ងន់ ទី១.ឈ្មោះ ដឿត មេង អាយុ១៩ឆ្នាំ និងទី២.ឈ្មោះ ហូន បូ​ អាយុ២០ឆ្នាំ ជនរងគ្រោះជិះម៉ូតូម៉ាក Honda Dream C125 ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខបន្ទាយមានជ័យ 1Q-3224 រស់នៅភូមិតាគង់ ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ ចំណែក​អ្នកបើកបរគោយន្តកន្ត្រៃ បានរត់គេចបាត់ស្រមោល បង្សល់ទុកតែគោយន្តនៅកន្លែងកើតហេតុ។

ក្រោយកើតហេតុ ជនរងគ្រោះ​ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ ចំណែកសាកសពប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី​។​ ដោយឡែកវត្ថុតាងទាំង២ ត្រូវបានកម្លាំងនគរបាលស្រុកយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីរង់ចាំការដោះស្រាយតាមច្បាប់៕

មតិយោបល់