ភ្នំពេញៈ ជនសង្ស័យម្នាក់ ត្រូវបានជនរងគ្រោះ ចាប់ប្រគល់ឲ្យសមត្ថកិច្ច បន្ទាប់ពីផឹកស៊ីជាមួយគ្នាហើយ យកលេសខ្ចីម៉ូតូជនរងគ្រោះជិះទៅយកប្រពន្ធ តែបែជាទៅបាត់រហូតចាំបាត់ៗ តាំងពីថ្ងៃទី៣ខែមករា ឆ្នាំ២០១៧ ជិតផ្សារកាណាស៊ីធី សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ លុះរហូតមកដល់វេលាម៉ោង៦ល្ងាចថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ទើបជួបមុខនៅផ្លូវវេងស្រេង មុខផ្សារកាណាឌីយ៉ា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ចាប់ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច។
ជនសង្ស័យឈ្មោះ ប៉ែន ភ័ក្រត្រា អាយុ១៩ឆ្នាំ មុខរបរព្រូរថយន្ត រស់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ។ ចំណែកម្ចាស់ម៉ូតូឈ្មោះ ចិន សាម៉ុន អាយុ២៣ឆ្នាំ មុខ
របររោងចក្រ ស្នាក់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតភូមិបាក្រុងធ ឃុំស្វាយចេកស្រុករំដួល ខេត្តស្វាយរៀង។ ម៉ូតូដែលជនសង្ស័យជិះយកទៅនោះម៉ាក MSX ពណ៌ស លាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1 CO-6311។
តាមការរៀបរាប់ពីម្ចាស់ម៉ូតូបានឲ្យដឹងថា នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១៧ រូបគាត់បានផឹកស៊ីជាមួយមិត្តភក្តិ មានគ្នា៤ទៅ៥នាក់ នៅហាងផឹកស៊ីមួយកន្លែង ជិតនឹងផ្សារកាណាស៊ីធី សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដោយមានជនសង្ស័យចូលរួមជាមួយផង ខណៈនោះរួបគាត់និងជនសង្ស័យទើបតែស្គាល់គ្នាជាលើកទីមួយដោយស្គាល់តាមរយៈមិត្តភក្តិម្នាក់ទៀត។
ជនរងគ្រោះបានបន្តថា ខណៈកំពុងផឹកស៊ី ស្រាប់តែជនសង្ស័យបានខ្ចីម៉ូតូរបស់គាត់ថា ទៅយកប្រពន្ធមួយភ្លែត គាត់ក៏យល់ព្រមឲ្យសោម៉ូតូជិះចេញទៅ ស្រាប់តែបាត់រហូតមិនត្រឡប់មកវិញ តាំងពីថ្ងៃកើតហេតុ រហូតមកដល់យប់ ថ្ងៃទី២២ខែកុម្ភៈ ឆ្នាំ២០១៧នេះ ទើបម្ចាស់ម៉ូតូដើរសុខៗ ជួបមុខជនសង្ស័យខាងលើចាប់ប្រគល់ឲ្យសមត្ថកិច្ចតែម្តង។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានយកម៉ូតូជនរងគ្រោះពិតប្រាកដមែន ហើយបានយកទៅលក់យកលុយចាយអស់ហើយ។
ក្រោយកើតហេតុ ជនសង្ស័យត្រូវបានសមត្ថកិច្ច កសាងសំណុំរឿងបញ្ជូនទៅអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕
https://youtu.be/-SuALJNz2cA
មតិយោបល់