ភ្នំពេញៈ ជនសង្ស័យចំនួន១៨ នាក់ ក្នុងនោះមានស្ត្រីចំនួន៤នាក់ ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌសែនសុខ កសាងសុំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ ដែលការបញ្ជូនខ្លួននេះ បានធ្វើឡើងកាលពីម៉ោង៨ និង៣០នាទី ព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧ ក្រោយពីឃាត់ខ្លួនយកមកសាកសួរ និងធ្វើតេស្តទឹកនោម ឃើញមានផ្ទុកនូវសារធាតុញៀនរួចមក។
លោកវរៈសេនីយ៍ឯក ម៉ក់ ហុង អធិការខណ្ឌបានមានប្រសាសន៍ឲ្យដឹងថា ដើមឆ្នាំ២០១៧នេះ ជាយុទ្ធនាការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស និងដោយមានបទបញ្ជាពីលោក អគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញ និងសម្របសម្រួលពីព្រះរាជអាជ្ញរងនៃអយ្យការអមសាលា ដំបូងរាជធានីភ្នំពេញ បានបញ្ជាមកឲ្យលោក ចុះសហការនិងបង្ក្រាបក្នុងមូលដ្ឋាន ទើបលោកដឹកនាំកម្លាំងដោយសហការជាមួយនិងសាលាខណ្ឌសែនសុខ និងជាមួយកម្លាំងតាមបណ្តាប៉ុស្តិ៍ទាំង៤ ក្នុងមូលដ្ឋាន ចុះមកបង្ក្រាបឲ្យដូចភ្លៀងរលឹម ពិសេសតំបន់មុខមន្ទីពេទ្យព្រះកុសុមៈនិងឃាត់ខ្លួនបានក្រុមខាងលើនេះតែម្តង។
គួររំឭកថា ជនសង្ស័យទាំង១៨នាក់ ខាងលើនេះ ត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់ក្នុងសង្កាត់ទាំង៤របស់ខណ្ឌសែនសុខ ក្រោយពីធ្វើការសាកសួរ និងធ្វើតេស្តទៅលើទឹកនោម ចប់ក៏បានបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញនាព្រឹកនេះតែម្តង៕
មតិយោបល់