ភ្នំពេញៈ ប្រភពព័ត៌មានពី ភ្នាក់ងារ Post News បានឲ្យដឹងថានាវេលាម៉ោង១២និង ៤៥នាទី ថ្ងៃត្រង់ទី៩ ខែមករា ឆ្នាំ២០១៧ នេះ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌមានជ័យ សហការជាមួយនគរបាលប៉ុស្តិ៍ទួលទំពូងទី១ ធ្វើការចុះបង្ក្រាបបទល្មើសគ្រឿងញៀនមួយកន្លែងនៅក្នុងសណ្ឋាគារ តាន់ថាវ័រ ជាន់ទី៥ ដែលមានទីតាំងនៅក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ការបង្ក្រាបនេះដែរ មានការដឹកនាំកម្លាំងដោយលោក វរៈសេនីយ៍ត្រី ម៉េង វិមានតារា អធិការរងនគរបាលខណ្ឌមានជ័យ ដោយមានការចូលរួមសម្របសម្រួល ពីលោក ខាំ សុផារី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញផងដែរ។
ជាក់ស្តែងក្នុងប្រតិបត្តិការនេះសមត្ថកិច្ចធ្វើការចាប់ឃាត់ខ្លួនបានជនសង្ស័យប្រុសស្រីចំនួន៤នាក់ ក្នុងនោះមានស្ត្រីជនជាតិខ្មែរចំនួន៣នាក់ និងបុរសជនជាតិនីហ្សេរីយ៉ាម្នាក់។ ដកហូតបានថ្នាំញៀនចំនួន២៨កញ្ចប់ ក្នុងនោះមាន៣កញ្ចប់ធំ និង២៥កញ្ចប់តូច, ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន១ រួមទាំងឧបករណ៍ប្រើប្រាស់មួយចំនួនទៀត។
ក្រោយពីប្រតិបត្តិការនេះចប់រួចរាល់ ជនសង្ស័យទាំង៤នាក់ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចបញ្ជូនមកកាន់អធិការដ្ឋាននគបាលខណ្ឌមានជ័យ ចាត់ការទៅតាមផ្លូវច្បាប់៕
មតិយោបល់