ព័ត៌មានជាតិ

ខឹងគេចាក់ទម្លាយកង់រម៉កកង់បី ទៅចាក់សងសឹកវិញរហូតផ្ទុះហិង្សា ត្រូវសមត្ថកិច្ចចាប់ខ្លួន

ភ្នំពេញៈ អ្នករត់រម៉កកង់បី នៅគល់ស្ពានអាកាស៧មករាចំនួន២ក្រុម បានដេញវាយគ្នាពេញដងផ្លូវយ៉ាងអណាធិបតេយ្យ ដោយសាតែខឹងនឹងការចាក់ទម្លាយកង់រម៉កម៉ូតូ ក៏ទៅចាក់សងសឹកវិញ ក្លាយជាហិង្សា រហូតមានការអន្តរាគមន៍ពីសំណាក់សមត្ថកិច្ច ឃាត់ខ្លួនបាន៣នាក់ ។

ករណីនេះបង្កការភ្ញាក់ផ្អើលកាលពីម៉ោង១និង៣០នាទី រសៀលថ្ងៃទី៨ ខែមករាឆ្នាំ២០១៧ ស្ថិតនៅចំណុលគល់ស្ពានអាកាស៧មករា ផ្នែកខាងលិច លើកំណាត់ផ្លូវសហព័ន្ធរុស្ស៊ី ក្នុងភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា អ្នករត់រម៉កម៉ូតូដែលឃាត់ខ្លួនខាងលើនេះភាគីទី១ ឈ្មោះ ប៊ូ សុខហេង ភេទប្រុស អាយុ៣៣ឆ្នាំ ស្នាក់នៅភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ចំណែកបក្ខពួកឈ្មោះ នូវ បឿន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបររត់រម៉កម៉ូតូកង់បី ដូចគ្នា ស្នាក់នៅភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកភាគីទី២ឈ្មោះ ម៉ាច បូរា ភេទប្រុស អាយុ៣៤ឆ្នាំ ស្នាក់នៅភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។

សមត្ថកិច្ចបានបន្តឲ្យដឹងថា នៅមុនកើតហេតុឈ្មោះ ប៊ូ សុខហេង បានយកទុរឺវីសចុងស្រួចទៅចាក់ទម្លាយកង់រម៉កកង់បីរបស់ឈ្មោះ ម៉ាច បូរា បណ្តាលឲ្យធ្លាយកង់ផ្នែកខាងឆ្វេង ពេលនោះឈ្មោះបូរា បានឃើញក៏យកទុរឺវីសទៅចាក់បំបែកកង់រម៉កឈ្មោះ ប៊ូ សុខហេង វិញ ក៏បង្កជាជម្លោះឈ្លោះទាស់ទែងគ្នា ឈានទៅដល់ការប្រើហិង្សាដាក់គ្នាទៅវិញទៅមក។ ដោយឈ្មោះ នូវ បឿន ដែលជាបក្ខពួកឈ្មោះ ប៊ូ សុខហេង បានចូលទៅជួយនិងព្រួតវាយទៅលើឈ្មោះ ម៉ាច បូរា រងរបួសរៀងៗខ្លួន ក៏ត្រូវកម្លាំងសមត្ថកិច្ចទៅដល់ឃាត់ខ្លួនទាំង៣នាក់ តែម្តង ចំណែកម្នាក់ទៀតគេចខ្លួនបាត់។

ក្រោយកើតហេតុ អ្នកទាំង៣នាក់ ត្រូវបានសមត្ថកិច្ចនាំខ្លួនមកកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីឃុំខ្លួនបណ្តោះអាសន្ននិងដោះស្រាយគ្នាតាមផ្លូវច្បាប់៕

មតិយោបល់