ភ្នំពេញ ៖ នគរបាលនាយកដ្ឋានព្រហ្មទណ្ឌ អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧ នេះ បានធ្វើការបង្ហាញមុខក្រុមចោរប្លន់ប្រដាប់ដោយកាំភ្លើងអាកា៨នាក់ ដែលបានប្លន់ទ្រព្យសម្បត្តិ និងបាញ់សម្លាប់ជនរងគ្រោះយ៉ាងកក្រើកក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តមួយចំនួន។
ក្នុងសន្និសីទកាសែតនៅរសៀលនេះ បានបង្ហាញមុខក្រុមចោរប្លន់ប្រដាប់អាវុធទាំង៨នាក់ រួមទាំងអាវុធកាំភ្លើងអាកា៣ដើម គ្រាប់អាកា ២២គ្រាប់ សម្លៀកបំពាក់យោធា នគរបាល និងសម្ភារប្រព្រឹត្តបទល្មើសមួយចំនួនធំទៀត។
លោកឧត្តមសេនីយ៍ ឡឹក វណ្ណៈ អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបញ្ជាក់ថា ឃាត់ខ្លួនក្រុមចោរប្រើកាំភ្លើងអាការចំនួនទាំង៨នាក់ គឺជាក្រុមប្លន់ផ្ទះលក់ស្រូវ កាលពីថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០១៦កន្លងទៅ នៅចំណុចភូមិព្រៃក្រាយ សង្កាត់ស្នោរ ខណ្ឌពោធិសែនជ័យ។
លោកឧត្តមសេនីយ៍ ឡឹក វណ្ណៈ បានឲ្យដឹងទៀតថា ក្រោយកើតហេតុសមត្ថកិច្ចនាយកដ្ផាននគរបាលព្រហ្មទណ្ឌ បានសហការជាមួយស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្តកណ្ដាល បានចាប់ខ្លួនចំនួន៨នាក់មាន ១.ឈ្មោះ អ៊ី សុភ័ណ្ឌ ភេទប្រុស អាយុ៣៥ឆ្នាំ ជនរូបនេះជាអ្នកកាន់កាំភ្លើងភ្ជង់ និងបាញ់ជនរងគ្រោះ។ ២.ឈ្មោះស៊ុន ប៊ុនធឿន ភេទប្រុស អាយុ៣៥ឆ្នាំ។ ៣.ឈ្មោះ សាត ធឹម ភេទប្រុស អាយុ៣៨ឆ្នាំ (ពីរនាក់នេះជាអ្នកចូលរួមធ្វើសកម្មភាព និងជាអ្នកប្រមូលទ្រព្យសម្បត្តិក្នុងអំពើប្លន់)។ ៤.ឈ្មោះ អឿន សុផា ភេទប្រុស អាយុ៣៣ឆ្នាំ (ជាអ្នកឌុបបក្សពួកទម្លាក់គោលដៅធ្វើសកម្មភាព)។ ៥.ឈ្មោះ ហម ហាន ភេទប្រុស អាយុ៤៤ឆ្នាំ។ ៦.ឈ្មោះ មាស ធឹម ភេទប្រុស អាយុ៣៦ឆ្នាំ (២នាក់នេះជាអ្នកដើរស៊ើបមើលផ្ទះជនរងគ្រោះ ដើម្បីកំណត់ឲ្យបក្សពួកធ្វើសកម្មភាព)។ ៧.ឈ្មោះ ស្វាយ តាក់ ហៅ ច ភេទប្រុស អាយុ៣៨ឆ្នាំ (ជាអ្នកធ្វើសកម្មភាព) និងទី៨ឈ្មោះ មាស ធីម ហៅធីម ធំ អាយុ៣៦ឆ្នាំ។
ក្រៅពី៨នាក់ដែលចាប់ខ្លួននេះ នៅមានសមាសភាព៣នាក់ទៀតកំពុងគេចខ្លួន ក្នុងនោះក៏មានម្នាក់ជាមេក្លោង និងជាអ្នកកាន់កាំភ្លើងអាការបាញ់សម្លាប់ទៅលើជនរងគ្រោះ យ៉ាងស្ទាត់ជំនាញទៀតផង។ ក្រុមជនសង្ស័យទាំង៨នាក់ ត្រូវបានសមម្ថកិច្ចសហការស្រាវជ្រាវ និងចាប់ខ្លួននៅខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ ដែលជាកន្លែងពួកគេប្រមូលផ្តុំគ្នាមុនចេញធ្វើសកម្មភាព និងជាភូមិសាស្រ្តលាក់ទុកអាវុធអាកា៣ដើមនោះ។
ក្រោយពីចាប់ឃាត់ខ្លួនជនសង្ស័យ៨នាក់ ត្រូវបានសមត្ថកិច្ចនាំទៅកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ហើយពួកគេកំពុងស្ថិតក្រោមការសាកសួរយកចម្លើយយ៉ាងយកចិត្តទុកដាក់ថែមទៀត។
គួររំលឹកថា ក្រុមចោរប្លន់មានគ្នាចំនួន៨នាក់ និងប្រដាប់ដោយកាំភ្លើងAK ចំនួន ៦ដើម ព្រមទាំងកណ្ដៀវច្រូតស្រូវផង បានចូលធ្វើសកម្មភាពប្លន់ យកទ្រព្យសម្បត្តិប្រជាពលរដ្ឋដល់ក្នុងផ្ទះមួយកន្លែង ដោយពេលទៅដល់ពួកចោរខាងលើ បានចាប់ម្ចាស់ផ្ទះ២នាក់ប្ដីប្រពន្ធ និងកូន២នាក់ទៀត ចងដៃស្លាបសេកព្រមទាំង យកស្កុតបិទមាត់ជាប់មិនឲ្យស្រែក រួចបានវាយបង្ខំឲ្យយកទ្រព្យសម្បត្តិមានតម្លៃ និងលុយកាក់ឲ្យពួកគេ។ មិនតែប៉ុណ្ណោះនៅក្នុងពេលនោះ ក្រុមចោរបានបាញ់ជាច្រើនគ្រាប់ បណ្ដាលឲ្យត្រូវបុរសម្នាក់ ដែលត្រូវជាបងប្រុសជីដូនមួយរបស់ម្ចាស់ផ្ទះ និងជាប្រជាការពារភូមិកើតហេតុនោះចំនួន២គ្រាប់ រងរបួសធ្លាយពោះវៀន និងត្រូវដៃខណៈពេលដែលជនរងគ្រោះ រូបនេះកាន់កាំភ្លើងខ្យល់១ដើម ចូលទៅជួយម្ចាស់ផ្ទះដែលជាប្អូន។ ប៉ុន្តែគ្រាន់តែរត់ចូលទៅមិនទាន់ដល់ផង ក៏ត្រូវចោរដែលចាំមើលផ្លូវបាញ់ប្រហារចំនួន៣គ្រាប់ផ្ទួនៗគ្នាតែម្ដង បន្ទាប់មកត្រូវបានក្រុមគ្រួសារបញ្ជូនទៅកាន់មន្ទីរពេទ្យព្រះកុសុមៈ ដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗផងដែរ។
ហេតុការណ៏នោះបានបង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧និង៤៥នាទី យប់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ នៅក្នុងភូមិព្រៃក្រាយ សង្កាត់ស្នោរ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះខាងលើនោះ ប្ដីឈ្មោះ កែម កន អាយុ៤២ឆ្នាំ និងប្រពន្ធ ឈ្មោះ ភី ធឿន អាយុ៣៨ឆ្នាំ ពួកគាត់មានរោងម៉ាស៊ីនកិនស្រូវខ្នាតតូចមួយ ម៉ាស៊ីនបោកស្រូវ ១គ្រឿង និងមានចិញ្ចឹមជ្រូកផងដែរ ដែលមានជីវភាគ្រួសារធូរធារគួរសម។ ពួកគាត់មានកូនស្រីម្នាក់និងកូនប្រុស២នាក់ នៅក្នុងបន្ទុកគ្រួសារ។ ក្រុមចោរខាងលើ បានចាប់ពួកគាត់ទាំង២នាក់ប្ដីប្រពន្ធ និងកូនប្រុសច្បងម្នាក់ ស្រីទី២ ម្នាក់ ចងស្លាបសេក និងយកស្កុតបិទមាត់មិនឲ្យស្រែក រួចយកកណ្ដៀវភ្ជង់កកូនស្រីទី២នោះ ឲ្យនាំពួកគេដើរ ប្រមូលយកទ្រព្យសម្បត្តិ មានលុយចំនួន៥០០ដុល្លារ គ្រឿងអលង្ការប្លាទីនក្នុងនោះ មានខ្សែកចំនួន៥ជីកន្លះ ក្រវិល១ជីកន្លះ និងកងដៃ២កងតម្លៃ១៥០ដុល្លារ ចំណែកកូនប្រុសពៅមិនត្រូវបានចោរចាប់ចងនោះឡើយ។
ប្រភពដដែលបានបន្តថា ចំណែកឯជនរងគ្រោះដែលត្រូវក្រុមចោរបាញ់របួសធ្លាយពោះ និងរបួសដៃ ពេលរត់ចូលទៅជួយជនរងប្អូនប្រុសជីដូនមួយ និងជាប្រជាការពារភូមិខាងលើផង ឈ្មោះ រី សុភាព ហៅ គយ ប៉ន អាយុជាង៤៥ឆ្នាំ។
នៅល្ងាចថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧ នេះដែរសមត្ថកិច្ចបានបញ្ជូនក្រុមចោរកាំភ្លើងអាកាទាំង៨នាក់ ទៅអយ្យការអមសាលាដំបូងដើម្បីសាកសួរនិងចោទប្រកាន់តាមផ្លូវច្បាប់ ៕




មតិយោបល់