ព័ត៌មានជាតិ

កក់​២ពាន់ដុល្លារ ជីកបាន២រណ្តៅទារ ៥ពាន់ថែម ម្ចាស់ផ្ទះខឹង​ប្តឹង​សមត្ថកិច្ចឃាត់ខ្លួន​

ភ្នំពេញ៖ មេការសំណង់ម្នាក់ត្រូវបានកម្លាំងនគរបាល ប៉ុស្ដិ៍ចោមចៅធ្វើការឃាត់ខ្លួន តាមពាក្យបណ្ដឹងរបស់ ស្ត្រីម្នាក់ដោយបានចោទប្រកាន់ថា បានបោកយកលុយរបស់គាត់ចំនួន២ពាន់ដុល្លារ ដោយមានកិច្ចសន្យា ព្រមព្រៀងថាធ្វើផ្ទះឲ្យ ហើយក្រោយពេលទទួលបានលុយដល់ដៃ មិនព្រមធ្វើតាមកិច្ចសន្យានោះឡើយ។ រយៈពេល៩ថ្ងៃហើយមិនព្រមធ្វើទាល់តែសោះ លុះពេលជនរងគ្រោះ សួរនាំជននោះបានទាមទារឲ្យកក់ លុយចំនួន៥ពាន់ដុល្លារបន្ថែមទៀត ទើបព្រមធ្វើផ្ទះឲ្យ បើមិនដូច្នេះទេមិនធ្វើឡើយ ប៉ុន្តែជនរងគ្រោះមិនព្រម និងបានទាមទារយកលុយដែលខ្លួនកក់នោះមក វិញនិងឈប់ឲ្យធ្វើតទៅទៀត ប៉ុន្តែមេការសំណង់នោះ មិនព្រមឲ្យ និងមិនព្រមធ្វើទៀត ទើបជនរងគ្រោះសម្រេចចិត្តប្ដឹង ឲ្យនគរបាលឃាត់ខ្លួននាំទៅកាន់ប៉ុស្ដិ៍ចោម ចៅតែម្ដង។

ការឃាត់ខ្លួននោះបានធ្វើឡើង កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧ នៅចំណុចភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ជនសង្ស័យខាងលើនោះឈ្មោះ ស៊ី ថា អាយុប្រហែល៣០ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុខាងលើ ចំណែកឯជនរងគ្រោះឈ្មោះ ខាន់ ស្រស់ អាយុ២៤ឆ្នាំ មានទីលំនៅក្នុងភូមិជាមួយគ្នានោះដែរ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា កាលពី៩ថ្ងៃមុនជនរងគ្រោះបានទាក់ទង ជាមួយជនសង្ស័យដើម្បីឲ្យ ជននោះធ្វើផ្ទះឲ្យ ហើយបាននិយាយត្រូវរ៉ូវគ្នាក្នុងតម្លៃ១៣,០០០ដុល្លារ ហើយជនរងគ្រោះបានកក់លុយមុន ចំនួន២ពាន់ដុល្លារ ដោយជនកំហូចនោះ បានប្រាប់នាងម្ចាស់ផ្ទះថាចង់ធ្វើនៅថ្ងៃណាខលប្រាប់ ខ្លួននិងទៅធ្វើឲ្យ ពេលនោះជនរងគ្រោះបានទៅមើលហោរាទស្សន៏ទាយពីថ្ងៃល្អ ហើយគ្រូបានប្រាប់ថាថ្ងៃច័ន្ច គឺជាថ្ងៃល្អ បន្ទាប់មកជនរងគ្រោះបានប្រាប់ឲ្យជននោះទៅធ្វើផ្ទះនៅថ្ងៃច័ន្ទទី២ខែមករា ឆ្នាំ២០១៧ ពេលនោះជនខាងលើក៏បានទៅ ប៉ុន្តែទើបតែកាប់រណ្ដៅបាន២រណ្ដៅប៉ុណ្ណោះ ឯសម្ភារៈសំណង់ក៏មិនឃើញដឹកចូលទៅ ទីតាំងដែលត្រូវធ្វើឡើយ។ ហើយជនឆបោកខាងលើ បានទាមទារឲ្យជនរងគ្រោះកក់លុយចំនួន៥ ពាន់ដុល្លារបន្ថែមទៀត ទើបធ្វើឲ្យបើមិនដូច្នេះទេ លុយកក់២ពាន់ដុល្លារនោះនិងត្រូវដាច់ ហើយខ្លួនក៏មិនធ្វើ ឡើយ។

ដោយសារតែមើលឃើញពីទង្វើរបោកស្រស់ៗពេក ជនរងគ្រោះក៏បានប្ដឹងឲ្យនគរបាលចុះទៅឃាត់ខ្លួនតែម្ដង ហើយពេលចុះទៅដល់ ជននោះរួមនិងសាច់ញាតិ បានឡូឡារដាក់នគរបាល ព្រមទាំងចង្អុលមុខ និងនិយាយខ្លាំងៗដាក់នគរបាលថែមទៀតផង ដោយអាងមានបងប្រុសជាមន្រ្តីប៉េអឹមនៅពីក្រោយខ្នង ប៉ុន្តែដោយសារតែជននោះ ប្រព្រឹត្តល្មើសឆបោកអ្នកដ៏ទៃ ទើបនគរបាល បានជម្នះឃាត់ខ្លួនទាល់បាន និងនាំទៅសាកសួរនៅប៉ុស្ដិ៍នគរបាលចោមចៅ៕

ទស្សនាវីដេអូ៖
https://www.youtube.com/watch?v=WjGWCxraqEM&feature=youtu.be

មតិយោបល់