កំពង់ធំៈ នៅព្រឹកថ្ងៃទី ៦ ខែឧសភា ឆ្នាំ២០១៦ ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ ប្រតិបត្តិការសឹករងកំពង់ធំ រួមទាំងមេបញ្ជាការង និងនាយទាហានជាច្រើនរូបទៅសួរសុខទុក្ខ លោកវរសេនីយ៍ទោ ម៉ឺន សុខា នាយរងសេនាធិការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ខណៈពេលដែលធ្លាក់ខ្លួនឈឺ យ៉ាងធ្ងន់ធ្ងរ កំពុងសម្រាកព្យាបាលនៅផ្ទះ ក្រោយពីពេទ្យអស់លទ្ធភាពបញ្ជូនមកផ្ទះវិញ ស្ថិតនៅឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ ។
លោកវរសនីយទោ ម៉ឺន សុខា នាយរងសេនាធិការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ មានអាយុ៥៦ ចូលបម្រើក្នុងជួរកងទ័ពនៅឆ្នាំ១៩៧៩ បច្ចុប្បន្នគាត់មានជម្ងឺជាទម្ងន់កំពុងសម្រាកព្យាបាលនៅផ្ទះ បន្ទាប់ពីធ្លាប់បានទៅព្យាបាលនៅក្រៅប្រទេសជាច្រើនលើកផងដែរ ចុងក្រោយជម្ងឺកាន់តែមានសភាពកាន់តែខ្លាំងឡើងៗ ងើបពុំរួច និងពុំអាចជួយខ្លួនឯងបានចុងក្រោយត្រូវមកដេកសម្រាកព្យាបាលនៅផ្ទះរបស់ខ្លួន។
លោកឧត្តមសេនីយ៍ត្រី សោម ស៊ុន បានបញ្ជាក់ថា លោក ម៉ឺន សុខា គឺជាយុទ្ធមិត្តមួយរូបមានចរិតស្លូតបូតរួសរាយរាក់ទាក់ និងស្មោះត្រង់ចំពោះជាតិសាសនាព្រះមហាក្សត្រ ត្រូវបានថ្នាក់ដឹកនាំ និងមិត្តរួមការងារគ្រប់រូបស្រឡាញ់រាប់អានគ្រប់ៗគ្នា នៅក្នុងពេលនេះ មិត្តរួមការងារ បានមកសួរសុខទុក្ខ លើកទឹកចិត្តនៅកេហដ្ឋានភូមិធន់មោងឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ ព្រមទាំងបានផ្ដល់នូវទឹកភេសជ្ជៈបន្ទាលកន្ទុយក្រពើចំនួន៤កេស ថវិកាចំនួន ១.២៤០.០០០៛ សម្រាប់សេចក្តីត្រូវការ ក្នុងការរក្សាព្យាបាលការផ្សេងៗផងដែរ ។
ក្នុងនោះដែរ ក្រុមគ្រួសាររបស់ លោកវរសនីយទោ ម៉ឺន សុខា បានសុំអំពាវនាវ ដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា រួមទាំងឯកឧត្តម អ្នកឧញ៉ា រួមទាំងថ្នាក់ដឹកនាំក្នុងខេត្តកំពង់ធំ មេត្តាជួយដល់ក្រុមគ្រួសាររបស់គាត់ផង ដោយសារតែខណៈនេះកំពុងតែជួបនូវវិបត្តិសេដ្ឋកិច្ចគ្រួសារយ៉ាងខ្លាំង ហើយមានការខ្វះខាតដូចជា ថ្នាំសង្កូវ ឬថវិកាក្នុងការរក្សាព្យាបាលបន្តទៀត និងសូមថ្លែងអគុណចំពោះឯកឧត្តម អ្នកឧញ៉ាទុកជាមុន សម្រាប់ការជួយឧបត្ថម្ភដល់ក្រុមគ្រួសារនាងខ្ញុំ ដែលកំពុងមានទុក្ខជាទម្ងន់៕
មតិយោបល់