ព័ត៌មានជាតិ

ក្នុងខែមេសា គ្រោះថ្នាក់ចរាចរណ៍ថយចុះ និងចំនួនអ្នកស្លាប់ក៏ថយចុះដែរ

ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលត្រួតពិនិត្យរឹតបណ្តឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មីប្រចាំខែនៅទីស្តីការក្រសួងមហាផ្ទៃ បានបង្ហាញថា កាលពី រសៀល ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦ គ្រោះថ្នាក់ចរាចរណ៍ក្នុង ខែមេសាឆ្នាំ២០១៦នេះ បានកើតឡើងចំនួន៣៥៨លើក បណ្តាលឲ្យមនុស្សស្លាប់១៨៧នាក់ និងរបួស ៧៣០នាក់។ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៥ គ្រោះថ្នាក់ថយចុះចំនួន ៩៩លើក ហើយចំនួនអ្នកស្លាប់ថយចុះ២៣នាក់ និងអ្នករបួសថយចុះចំនួន១៣៥នាក់។

លោក គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរងនគរបាលជាតិ បានមានប្រសាសន៍ថា គ្រោះថ្នាក់ដែលបណ្តាលឲ្យមនុស្សស្លាប់ចំនួន១៨៧នាក់ និងរបួស៧៣០នាក់ ភាគច្រើនកើតឡើងនៅរាជធានីភ្នំពេញចំនួន ២៩លើកខេត្តបាត់ដំបងចំនួន២៧លើក និងខេត្តព្រៃវែង ចំនួន២៤លើក។

លោកបន្តថា មូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់ដោយសារការបើកបរលើសល្បឿនកំណត់៤៥ភាគរយ មិនប្រកាន់ស្តាំ១៣ភាគរយ,មិនគោរពសិទ្ធិអាទិភាព១២ ភាគរយវ៉ាជែង១០ភាគរយ,ស្រវឹង៩ភាគរយ,បត់៧ភាគរយ,កត្តាយានយន្ត១ភាគរយ,ងងុយដេក២ភាគរយ,កត្តាយានយន្ត ២ភាគរយនិងកត្តាផ្សេងៗ១ភាគរយ។

លោក គៀត ច័ន្ទថារិទ្ធ បានបញ្ជាក់ថា ក្នុងចំណោមអ្នកស្លាប់សរុប១៨៧នាក់ភាគច្រើន ជាអ្នកជិះម៉ូតូមានចំនួន១៣៦នាក់ ស្មើ៧៣ភាគរយ (ប្រភេទ១២៥សេសេចុះក្រោម) ក្នុងនោះមិនពាក់មួកសុវត្ថិភាពមានចំនួន៦៨ភាគរយ។ ជាមួយនេះមានអ្នកថ្មើរជើងស្លាប់ចំនួន៩ភាគរយ។

សម្តេចក្រឡាហោម ស ខេង បានសំណូមពរដល់គ្រប់ស្ថាប័នទាំងអស់ត្រូវអប់រំមន្ត្រីឲ្យបានយល់ច្បាស់ពីច្បាប់ចរាចរណ៍ ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ទាំងអស់គ្នា ជាពិសេសអាណាព្យាបាលត្រូវអប់រំកូនចៅមុនពេលចេញដំណើរដោយម៉ូតូត្រូវពាក់មួកសុវត្ថិភាព ពីព្រោះថាអ្នកស្លាប់ភាគច្រើនជាអ្នកជិះម៉ូតូដែលមិនពាក់មួកសុវត្ថិភាព។ សម្តេចបានទទួល ស្គាល់នូវ ការថយចុះនៃគ្រោះថ្នាក់ចរាចរណ៍ ក្នុងខែមេសាឆ្នាំ២០១៦នេះ៕

មតិយោបល់