ភ្នំពេញៈ លោក ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់អះអាងថា នៅក្នុងរយៈពេ៣ខែដើមឆ្នាំ២០១៦ វិស័យសំណង់មានការកើនឡើងចំនួន២៥៧ភាគរយ បើប្រៀបធៀបទៅនិងរយៈពេលដូចគ្នានិងឆ្នាំ២០១៥ ។
រដ្ឋលេខាធិការបានអះអាងដូច្នេះនៅក្នុងវេទិការសំណង់ ស្តីពីសុខភាព និងសុវត្ថិភាព ក្នុងការដ្ឋានសំណង់ ដែលបានរៀបំឡើងក្រោមកិច្ចសហការរវាងសភាពាណិជ្ជកម្មសហភាពអឺរ៉ុប និងសមាគមអ្នកសាងសង់កម្ពុជា នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៦ នៅសណ្ឋាគាសូហ្វីតែល ។
លោក ប៉ែន សុផល មានប្រសាសន៍ទៀតថា ផ្អែកលើកំណើនប្រជាពលរដ្ឋមករស់នៅក្នុងទីក្រុងមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ កម្ពុជាមានតម្រូវការលំនៅដ្ឋានដែលមានសុវត្ថិភាពប្រមាណជាង១លានខ្នងបន្ថែម ដើម្បីឆ្លើបតបនឹងកំណើនដ៏គួរឱ្យកត់សម្គាល់នេះ។
ប៉ុន្តែយ៉ាងណាលំនៅដ្ឋានទាំងនោះត្រូវតែសាងសង់ឡើងស្របតាមក្រមនៃសំណង់ ពោលគឺគោរពតាមបទដ្ឋានគតិយុត្តិ ឬ មានស្តង់ដាត្រឹមត្រូវ បើទោះជាកម្ពុជាមានភាពអល់ឯកក្នុងការកំណត់យកស្តង់ដាគោលណាមួយក៏ដោយ តែកន្លងមកកម្ពុជាបានអនុវត្តតាមស្តង់ដាប្រទេសជិតខាង ព្រមទាំងស្តង់ដាពីសហគមអឺរ៉ុប។
ទាក់ទិនសុវត្ថិភាពការងារ លោក ប៉ែន សុផល បញ្ជាក់ថា ក្រសួងតម្រូវឱ្យក្រុមហ៊ុនទិញកាតធានារាប់រងសម្រាប់កម្មករ នៅក្នុងការដ្ឋានទាំងអស់ព្រមទាំងបានណែនាំពីប្រព័ន្ធសុវត្ថិភាពដោយតម្រូវឱ្យកម្មករមានឯកសណ្ឋាន ពាក់មួក ពាក់វ៉ែនតាសម្រាប់អ្នកផ្សារដែក និងមានខ្សែក្រវ៉ាត់សុវត្ថិភាពសម្រាប់អ្នកធ្វើការនៅចំណុចខ្ពស់ៗ បទដ្ឋានគតិយុត្តិនេះមានការដ្ឋានជាច្រើនបានអនុវត្តន៍។
លោកសង្កត់ធ្ងន់ថា ករណីការដ្ឋានមិនគោរពតាមគោលការណ៍ច្បាប់ និងបទដ្ឋានគតិយុត្តិនោះទេ ក្រសួងនឹងប្រើទណ្ឌកម្មទៅលើក្រុមហ៊ុនទាំងនោះ ដោយដាក់ពិន័យយ៉ាងធ្ងន់ធ្ងរ ដើម្បីឱ្យក្រុមហ៊ុនកែប្រែហើយអនុវត្តន៍តាមគោលការណ៍ និងក្រមសំណង់ សម្រាប់សុខភាព និងសុវត្ថិភាពក្នុងការដ្ឋានសំណង់ ៕
មតិយោបល់