ព័ត៌មានជាតិ

ផ្តន្ទាទោសបុរសកុងហ្គោ២នាក់ ដាក់ពន្ធនាគារ៨ឆ្នាំ ករណីលាងលុយខ្មៅ

ភ្នំពេញៈ នៅរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧នេះ លោក អ៊ី ឋាវរៈ ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បាន ប្រកាសសាលក្រមផ្តន្ទាទោសបុរសជនជាតិកុងហ្គោចំនួន២នាក់ ទី១ឈ្មោះ Emmanel Ngoma Ngoma CoCo អាយុ៤៩ឆ្នាំ និងទី២ឈ្មោះ Juniro Bin Mungomba អាយុ៣៦ឆ្នាំ ដាក់ពន្ធនាគារម្នាក់កំណត់រយៈពេល៨ឆ្នាំ និងពិន័យជាប្រាក់ម្នាក់ចំនួន៤លានរៀល ចូលជាថវិការដ្ឋ ក្រោមបទចោទប្រកាន់ពីបទក្លែងបន្លំឯកសារសាធារណៈ និងប្រើប្រាស់ឯកសារក្លែង ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៥ ដល់២០១៦ យោងតាមមាត្រា៦២៩ និងមាត្រា៦៣០នៃក្រមព្រហ្មទណ្ឌ។

នៅក្នុងសវនាការកាលព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០១៦នេះ ជនជាប់ចោទទាំង២នាក់បានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់មែន ដោយពួកគេបានធ្វើតាមការបញ្ជារបស់ឈ្មោះ ម៉ាទីន និងឈ្មោះ បាលី។ ពួកគេបន្តថា ពួកគេបានប្រើប្រាស់លិខិតឆ្លងដែនក្លែងក្លាយដែលឈ្មោះ ម៉ាទីន និងឈ្មោះ បាលី ផ្ញើមកពីបរទេសតាមរយៈក្រុមហ៊ុន DHL ទៅបើកគណនីនៅធនាគារ ABA ធនាគារស្ថាបនា និងធនាគារមួយចំនួនទៀតជាច្រើនដង ដើម្បីទទួលលុយពីឈ្មោះ ម៉ាទីន និងឈ្មោះ បាលី ផ្ញើមិពីបរទេស ដោយពួកគេទទួលបានកម្រៃជើងសារចំនួន៥ភាគរយក្នុងការបើកលុយម្តងៗ។

លោក ធូ សារឿន មន្ត្រីនគរបាលនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែនបានថ្លែងថា ក្រោយសមត្ថកិច្ចស្រាវជ្រាវ រហូតដល់ឃាត់ខ្លួនជនជាប់ចោទទាំង២នាក់នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦ សមត្ថកិច្ចបានរកឃើញថា ក្រុមជនជាប់ចោទជាក្រុមឧក្រិដ្ឋជនលាងលុយខ្មៅនៅក្នុងប្រទេសកម្ពុជាយ៉ាងពិតប្រាកដ៕

https://youtu.be/3kNB1WETWx0

មតិយោបល់