ព័ត៌មានជាតិ

តំណាងអយ្យការសម្រេចចោទប្រកាន់ក្រុមចោរប្លន់ កាំភ្លើងAK ៨នាក់ ជាផ្លូវការហើយនៅរសៀលនេះ

ភ្នំពេញ: ក្រោយពីសាកសួរអស់រយ:ពេលជាច្រើនម៉ោងរួចមក នៅរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧នេះ លោកស្រី កែវ សុគន្ធា តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ជនសង្ស័យជាក្រុមចោរប្លន់ កាំភ្លើង AK ជាផ្លូវការហើយ។

លោកស្រីតំណាងអយ្យការបានថ្លែងថា លោកស្រីបានសម្រេចចោទជនសង្ស័យចំនួន៨នាក់រួមមាន ទី១ឈ្មោះ អ៊ី សោភ័ណ្ឌ ភេទប្រុស អាយុ៣៣ឆ្នាំ ទីលំនៅភូមិវត្តភ្នំ ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ទី២ឈ្មោះ សាត ធីម ភេទប្រុស អាយុ ៣៩ឆ្នាំ ទីលំនៅភូមិទួលតានាង ឃុំកែស្រទាប់ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ទី៣ ឈ្មោះ ស្វាយ តាក់ ភេទប្រុស អាយុ៣៩ឆ្នាំ ទីលំនៅភូមិរាមកណ្តាល ឃុំវាលពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ ទី៤ ឈ្មោះ សួន ប៊ុនធឿ ភេទប្រុស អាយុ ៣៦ឆ្នាំ ទីលំនៅភូមិដុំខ្វិត ឃុំវាលពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ ទី៥ ឈ្មោះ អឿន សុផា ភេទប្រុស អាយុ៣៣ឆ្នាំ ទីលំនៅភូមិថ្មី ឃុំត្រាចទង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ ទី៦ ឈ្មោះ មាស ធីម ភេទប្រុស អាយុ៣៦ឆ្នាំ ទីលំនៅភូមិប្រសប់ជុំ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ ទី៧ឈ្មោះ សួង ធី ភេទប្រុស អាយុ ៥៤ឆ្នាំ ទីលំនៅភូមិទួលរកា ឃុំស្អាងលើ ស្រុកកំពង់សៀម ខេត្តកំពង់ចាម និងជនសង្ស័យទី៨ឈ្មោះ ហម ហាន ភេទប្រុស អាយុ ៤៥ឆ្នាំ ទីលំនៅភូមិព្រៃរឹង សង្កាត់ស្នោ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យទាំង៨នាក់នេះ ជាប់ចោទពីបទ ប៉ុនប៉ងលួច យោងតាមមាត្រា ២៧ មាត្រា ៣៥៣ មាត្រា ៣៥៧ និងបទ អំពើលួចមានស្ថានទម្ងន់ទោសដោយសារ មរណ:ភាព នៃជនរងគ្រោះ យោងតាមមាត្រា ៣៦០ នៃក្រមព្រហ្មទណ្ឌ។

លោកស្រីតំណាងអយ្យការបន្ដថា លោកស្រីកំពុងពិនិត្យដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរ (RI) ទៅកាន់ចៅក្រមស៊ើបសួរ ដើម្បីចាត់ការបន្ត ប៉ុន្តែលោកស្រីនៅមិនទាន់ដឹងថា ចៅក្រមស៊ើបសួររូបណានឹងទទួលសំណុំរឿងនេះនៅឡើយទេ។

យោងតាមរបាយការណ៍ របស់សមត្ថកិច្ច ក្រៅពីជនត្រូវចោទចំនួន ៨នាក់ខាងលើ ដែលត្រូវតំណាងអយ្យការសម្រេចចោទប្រកាន់នេះ នៅមានបក្ខពួកចំនួន ៣នាក់ទៀតដែលកំពុងរត់គេចខ្លួនទី១ឈ្មោះ ភ័ណ្ឌ ទី២ឈ្មោះ រ៉ា និងទី៣ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។

គួររំឭកថា ក្រុមជនសង្ស័យ ៨នាក់ខាងលើត្រូវបានសមត្ថកិច្ចនាយកដ្ឋានព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០១៧កន្លងទៅ ក្រោយពីពួកគេបានធ្វើសកម្មភាពប្លន់ បាញ់សម្លាប់ម្ចាស់ផ្ទះលក់ស្រូវមួយកន្លែងនៅភូមិព្រៃក្រាយ សង្កាត់ស្នោ ខណ្ឌពោធិ៍សែនជ័យ និងក្រោយមកពួកគេបានរៀបចំធ្វើសកម្មភាពប្លន់ផ្ទះវេលុយវីង នៅភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ ប៉ុន្តែមិនបានសម្រេចក៏ត្រូវសមត្ថកិច្ចក្របួចជាប់តែម្តង។

នៅក្នុងប្រតិបត្តិការបង្ក្រាបនោះសមត្ថកិច្ចដកហូតបាន កាំភ្លើង ម៉ាក AK47 ចំនួន ៣ដើម, បង់ចំនួន ៣បង់, គ្រាប់ចំនួន ៦១គ្រាប់,ខោអាវប៉ារ៉ា ចំនួន២ និងសម្ភារ:មួយចំនួនទៀត៕

//youtu.be/4WzauhVALYs

មតិយោបល់