ព័ត៌មានជាតិ

ដាំបាយចង្រ្កានហ្គាសក្នុងតូបលក់អីវ៉ាន់ បណ្តាលឲ្យឆាបជាមួយសាំង បង្កជាអគ្គិភ័យឆេះរងរបួស២នាក់

ពោធិ៍សាត់: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា តូបលក់អីវ៉ាន់ចាប់ហួយ មួយកន្លែងត្រូវ អគ្គិភ័យឆាបឆេះ បណ្តាលឲ្យមានមនុស្ស០២នាក់រងរបួស ករណីកើតឡើងនៅចំណុចភូមិថ្នល់ជប៉ុន សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង១៩និង០៧នាទី ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ។

យោងតាមរបាយការណ៍ របស់លោកវរសេនីយ៍ទោ សុខ មេសា អធិការរង នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ បានប្រាប់ឲ្យដឹងថា ដោយទទួលបានព័ត៌មាន ពីបងប្អូនប្រជាពលរដ្ឋ កម្លាំងអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្ត ចុះអន្តរាគមន៍ជួយពន្លត់ភ្លើងឆេះតូបលក់អីវ៉ាន់ខាងលើ ក្នុងការពន្លត់សង្គ្រោះអគ្គិភ័យនេះដែរ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន០២គ្រឿង ទើបអាចគ្រប់គ្រងស្ថានការណ៍បាន ។

លោកអធិការរងបានបន្តថា ករណីនេះបានបណ្តាលឲ្យមានអ្នករងរបួសចំនួន០២នាក់៖ ទី១-ឈ្មោះ សន ជី ភេទស្រី អាយុ៧៤ឆ្នាំ រងរបួសស្រាលទី២-ឈ្មោះ មាន រក្សា ភេទស្រី អាយុ២៣ឆ្នាំ រងរបួសស្រាល អ្នកទាំងពីររស់នៅក្នុងភូមិ.សង្កាត់ កើតហេតុខាងលើ សមត្ថកិច្ចបានយករថយន្តសង្គ្រោះដឹកជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តពោធិ៍សាត់ ។

សម្ភារ:ខូចខាតរួមមាន៖ តូបលក់អីវ៉ាន់០១ខ្នង ទំហំ ៤ម៉ែត្រ×៦ម៉ែត្រ ដំបូលប្រក់ស័ង្កសីធ្វើអំពីឈើ សម្ភារ:ចាប់ហួយ០១ចំនួនទៀត មូលហេតុដែលបណ្តាលឲ្យកើតហេតុនេះ គឺជនរងគ្រោះបានដាំបាយចង្រ្កានហ្គាសនៅក្នុងតូបលក់អីវ៉ាន់ រួចឆាបជាមួយសាំងទើបបង្កជាអគ្គិភ័យឆាបឆេះបែបនេះ ៕

មតិយោបល់