បន្ទាយមានជ័យៈ ក្មេងប្រុសស្រីចំនួន០២នាក់រស់នៅក្បែរគ្នាបានលង់ទឹកស្លាប់ ខណៈនាំគ្នាទៅលេងក្នុងរណ្តៅដីដែលក្រុមហ៊ុនជីកយកដីធ្វើផ្លូវជាតិលេខ៥៨ មានទឹកជាងមួយម៉ែត្រ។
ហេតុការណ៍នេះ បានកើតឡើងកាលពីព្រលបថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៦ នៅចំនុចរណ្តៅដីក្នុងភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
មន្ត្រីនគរបាលស្រុកអូរជ្រៅបានប្រាប់អង្គភាពPost News ថា នៅថ្ងៃកើតហេតុ គឺមានក្មេងមួយក្រុមបាននាំគ្នាទៅលេងក្បែរមាត់ទឹកខាងលើនោះ។ តែមិនដឹងជាមូលហេតុអ្វីទើបធ្វើឲ្យក្មេងចំនួន២នាក់បានធ្លាក់ចូល បណ្តាលឲ្យលង់ស្លាប់។
ម្តាយក្មេងរងគ្រោះបាននិយាយថា ក្មេងៗបានរត់មកប្រាប់ថា កូនគាត់បានធ្លាក់ចូលក្នុងទឹក ហើយពេលពួកគាត់រត់ទៅជួយកូនទាំងពីរនាក់នោះបានលិចទៅបាត់ លុះចុះរាវនិងស្រង់មកលើគោកក្មេងទាំងពីរបានស្លាប់បាត់ទៅហើយ។
ករណីខាងលើនេះ ក្មេងរងគ្រោះទី១,ឈ្មោះ ឌឹម ឌូណា ភេទស្រី អាយុ៧ឆ្នាំ និងទី២,ឈ្មោះ ផល រ៉ាចាន់ ភេទប្រុស អាយុ៦ឆ្នាំ៕
មតិយោបល់