កំពតៈ ព្រះសង្ឃ អាចារ្យវត្ត និងភ្ញៀវទេសចរនៅតំបន់រមនីយដ្ឋានភ្នំកំពង់ត្រាច ស្រុកកំពង់ត្រាច បានជំទាស់ទៅនឹងរូបសំណាកនាគព័ន្ធដ៏ធំមួយ ដែលត្រូវបានជនជាតិវៀតណាមម្នាក់ បានយកមកដាក់ចំខាងមុខផ្លូវចូលរូងភ្នំ នៃរមណីយដ្ឋាន ខណៈដែលរូបនោះ មានក្បាច់រចនា ថែមទាំងមានដាក់អក្សរវៀតណាមថែមទៀត។
ការជំទាស់តវ៉ានេះ ធ្វើឡើងក្រោយដែលភ្ញៀវទេសចរខ្មែរ និងព្រះសង្ឃ យល់ឃើញថា ការដាក់តាំងនូវសំណាក់នាគព័ន្ធ មានក្បាច់រចនានិងអក្សរវៀតណាម នៅកន្លែងរមនីយដ្ឋាន ពិសេសជា ទីគោរពសក្ការៈបែបនេះ វាអាចប៉ះពាល់ដល់អារម្មណ៍ភ្លៀវទេសចរ ពិសេសគឺអ្នកដុតធូប គោរពបន់ស្រន់ផ្សេងៗ គឺត្រូវសំពះរូបសំណាក់របស់វៀតណាមមួយនេះ។
ទាក់ទងនិងការដាក់តាំងរូបសំណាក់វៀតណាមនៅ រមនីយដ្ឋានភ្នំកំពង់ត្រាចនេះដែរ លោកតា ម៉ៅ សន គណៈកម្មការអាចារ្យវត្តភ្នំកំពង់ត្រាច បានប្រាប់ក្រុមអ្នកសារព័ត៌មានឲ្យដឹងថា រូបសំណាក់នាគព័ន្ធម៉ូតវៀតណាមនេះ គឺត្រូវបានស្ត្រីជនជាតិវៀតណាមម្នាក់ ដែលអួតខ្លួនថាជាអ្នកតាំងសិល្ប៍មានបារមីខ្ពស់ បានយកមកដាក់ពីមុខផ្លូវចូលទៅមាត់រូង និងមានសរសេរជាអក្សរវៀតណាមនៅតាមផ្ទាំងថ្មទៀតផង អស់រយៈពេលជាង១សប្តាហ៍ទៅហើយ ដោយពុំមានការអនុញ្ញាតពីអាជ្ញាធរ ឬគណៈកម្មការវត្តឡើយ។ ក៏ប៉ុន្តែរហូតមកដល់ពេលនេះ តាមការស្នើសុំរបស់ភ្ញៀវទេសចររូបសំណាក់នោះត្រូវបានគេរំកិលចេញពីមុខផ្លូវចូល និងលុបអក្សរវៀតណាមទាំងនោះ អស់ទៅវិញហើយដែរ។
លោក ទន់ ដួង អាចារ្យវត្តភ្នំកំពង់ត្រាចបានបញ្ជាក់ឲ្យដឹងផងដែរថា ការដាក់រូបសំណាកនាគព័ន្ធសម្រាប់ដុតធូបនៅមាត់រូងនេះមិនមែនជារចនាបថ និងតម្រូវការតាមសាសនារបស់ខ្មែរនោះទេ គឺជារបស់វៀតណាមសុទ្ធសាត។ ហើយក្រោយពីដាក់រូបនេះរួច ស្ត្រីជនជាតិវៀតណាមដែលតាំងខ្លួនជាអ្នកមានបារមីនោះ បាននិយាយថា បើមានអ្នកណាហ៊ានប៉ះពាល់រូបនេះប្រាកដជាមានគ្រោះថ្នាក់មិនខាន ស្ត្រីរូបនេះដដែលបានជំទាស់មិនឲ្យព្រះសង្ឃនិងពុទ្ធបរិសទ្ធខ្មែររំកិលរូបនេះចេញទេ បើមានគ្រោះថ្នាក់អ្វីគាត់មិនទទួលខុសត្រូវឡើយ។
ស្ត្រីវៀតណាមរូបនោះ បាននិយាយថា គាត់យករូបសំណាក់មកដាក់ និងកាន់សិល្ប៍នៅទីនេះសុទ្ធតែមានបារមី គេបញ្ជាឲ្យមក បើធ្វើស្រួលគឺស្រួល បើធ្វើមិនស្រួលប្រយ័ត្នប្រយ៉ែងទៅ។ ការគំរាមបែបនេះមិនដឹងថាអ្នកស្រីវៀតណាមនោះ អាងលើមន្តអាគមន៍ បារមីខ្លាំង រឺមានអ្វីចាំជួយពីក្រោយនោះទេ។
បើទោះស្ត្រីរូបនោះ មានលេសក្រោមហេតុផលយ៉ាងណា ក៏ដោយ ក៏ពលរដ្ឋខ្មែរ ព្រះសង្ឃ និង មន្ត្រីនគរបាលបាន លើកឡើងថា មិនត្រូវយករូបសំណាក់បែបជនជាតិវៀតណាម នោះមកដាក់លាយឡំគ្នាជាមួយកន្លែងទីសក្ការៈរបស់ជាសាសន៍ខ្មែរបែបនេះបានទេ៕
https://youtu.be/AUcjSyIgHlY
មតិយោបល់