កំពង់ចាមៈ ស្ត្រីប្រមឹក ដែលតែងតែប្រើអំពើហិង្សាលើប្តីជារឿយៗត្រូវបានកំលាំងសមត្ថកិច្ចអធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ ឃាត់ខ្លួន ជាក់ស្តែងពីបទប្រើអំពើហិង្សាក្នុងគ្រួសារដែលបណ្តាលឲ្យប្តីស្លាប់ កាលពីម៉ោង២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦ នៅភូមិបឹងទឹងឃុំទងត្រឡាចស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
នគរបាលស្រុកស្រីសន្ធរ បានឲ្យដឹងថា ស្ត្រីល្មើសត្រូវឃាត់ខ្លួនមានឈ្មោះ អុក រ៉ា អាយុ៥៣ ឆ្នាំ មានទីលំនៅភូមិ-ឃុំ កើតហេតុ ខាងលើ រីឯជនរងគ្រោះ ជាប្ដីស្លាប់ មានឈ្មោះ យី យ៉ិត ភេទប្រុសអាយុ៥៦ឆ្នាំ ត្រូវជាប្តីរស់នៅក្នុងដំបូលផ្ទះតែមួយស្ត្រីល្មើសជាប្រពន្ធ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា ជារឿយៗស្ត្រីឈ្មោះ អុក រ៉ា តែងតែ ផឹកស្រាស្រវឹង រករឿងប្តីឈ្មោះ យី យ៉ិត មិនសូវលោះថ្ងៃទេ តែបុរសជាប្តីមិនតប.ត ជាស្ដ្រីជាប្រពន្ធ នៅតែស្ងៀម។
ប្រភពបន្តថា នៅវេលាម៉ោង២រំលងអាធ្រាត្រឈានចូលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦ ស្ត្រីជាប្រពន្ធស្រវឹងស្រា យ៉ាងខ្លាំង ហើយក៏ឈ្លោះប្រកែកជាមួយប្តី(ជនរងគ្រោះ)រហូតយកកាំបិតចុងស្រួច ចាក់ប្តី ចំក្រោមទងត្រចៀកខាងឆ្វេងមួយកាំបិត បណ្តាលឲ្យបុរសជាប្តីស្លាប់ភ្លាមមួយរំពេច។
ក្រោយពីទទួលព័ត៌មាននេះភ្លាម សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុធ្វើការឃាត់ខ្លួនស្ត្រីជាប្រព្ធ ឈ្មោះ អុក រ៉ា នាំមកអធិការដ្ឋានដើម្បីបំពេញសំណុំឯកសារ ដើម្បីឲ្យច្បាប់ជាអ្នកចាត់ការតាមនីតិវិធី។ សាកសពជនរងគ្រោះត្រូវបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់