កំពង់ស្ពឺ: ប្រជាពលរដ្ឋប្រមាណ ៣០នាក់ តំណាងឱ្យប្រជាពលរដ្ឋរងគ្រោះ បាត់បង់ដីធ្លីជាង ១១ឆ្នាំកន្លងមកហើយ ពុំមានដំណោះស្រាយរហូត បច្ចុប្បន្នក្រុមហ៊ុនស្ករសអំពៅ បានព្យាយាមធ្វើរបងថ្ម ត្រង់ចំណុចដីមានទំនាស់ នោះបន្ទាប់មានការដោះដូរមេការគ្រប់គ្រងថ្មី ខណៈបណ្តឹងពួកគាត់ បានដាក់គ្រប់ស្ថាប័ន មានសមត្ថកិច្ចតាំងពីថ្នាក់ក្រោមរហូតថ្នាក់ជាតិ។
ប្រជាពលរដ្ឋដែល បានឡើងមកសាលាខេត្តកំពង់ស្ពឺ ដើម្បីសុំជួបលោកអភិបាលខេត្ត សុំការអត្តរាគមន៍ ទៅក្រុមហ៊ុនស្ករសអំពៅ ផ្អាកការសាងសង់ល្បងថ្ម និងជំរុញឱ្យមានការដោះស្រាយ ឱ្យពួកគាត់ឱ្យបានឆាប់រហ័សនោះ ធ្វើឡើងកាលពីព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៦ នេះ ដែលមានគ្នាប្រមាណជាង ៣០នាក់ ប៉ុណ្ណោះ ដែលបានអះអាងថា ពួកគាត់អ្នករងគ្រោះបាត់បង់ដីធ្លី ចាប់តាំងពីអំឡុងឆ្នាំ២០០៥កន្លង ត្រង់ចំណុចតឹងស្រឹង ឃុំសង្កែសាទប ស្រុកឱរ៉ាល់ គ្មានដំណោះស្រាយអ្វីទាល់តែសោះរហូតដល់ពេលនេះ បានក្លាយទៅជាចំការអំពៅអស់ទៅហើយ ហើយខាងអាជ្ញាធរខេត្ត ចេញមកទទួលការយកស្នើសុំ និងយកទៅរាយការណ៍ជូនលោកអភិបាល ដើម្បីមានវិធានផងដែរ។
តំណាងប្រជាពលរដ្ឋ បានថ្លែងថា ទំនាស់ដីធ្លីរបស់ពួកគាត់បានកើតមានចាប់ពីអំឡុងឆ្នាំ២០០៥ មកម្ល៉េះ ជាមួយមន្ត្រីយោធាភូមិភាគទី៣ ដោយប្រើកាណុងអាវុធបាញ់ស្រោច ទៅលើប្រជាពលរដ្ឋដូចសមរភូមិប្រយុទ្ធ ហើយក៏មានការប្តឹងប្តល់គ្នា តាំងពីអាជ្ញាធរថ្នាក់ក្រោម រហូតដល់គ្រប់ស្ថាប័នពួកគាត់មិនទទួលបានយុត្តិធម៌ឡើយ ដល់ឆ្នាំ២០១១ ដីនោះត្រូវបានខាងក្រុមហ៊ុនស្ករស ដាក់គ្រឿងចក្រឈូសឆាយគ្មានសល់ និងដាំអំពៅរហូតបច្ចុប្បន្ន ខាងក្រុមហ៊ុន បានដឹកស៊ីម៉ង់ និងដែក ដើម្បីធ្វើរបងថ្មបិតដី ដែលមានទំនាស់ជាច្រើនឆ្នាំនោះតែម្តង។
ប្រភពបន្តថា ការតវ៉ារបស់ពួកគាត់ពេលចង់ជួប លោកអភិបាលខេត្តកំពង់ស្ពឺថ្មី ដើម្បីជួយអន្ដរាគមន៍ហាម មិនឱ្យក្រុមហ៊ុន ចំការពៅធ្វើរបងថ្ម និងចង់ដឹងពីបណ្តឹងរបស់ពួកគាត់ ដែលទើបដាក់កាលពីពេលថ្មីៗ ខាងអាជ្ញាធរមានចំណាត់ការ និងដំណើរដោះស្រាយ ពីផលប៉ះដល់ណាហើយ បើសិនជាអាជ្ញាធរ មិនចេញមកទទួលការតវ៉ា របស់ពួកគាត់ទេនោះ នឹងនាំគ្នាឡើងទៅភ្នំពេញដើម្បីដល់គេហដ្ឋានសម្តេចតេជោ ហ៊ុន សែន ដើម្បីជួយពួកគាត់ជាជនរងគ្រោះមិនខាងឡើង។
ក្រុមអ្នកតវ៉ា បានអះអាងថា ក្នុងបណ្តឹងរបស់ពួកគាត់ទៅកាន់អាជ្ញាធរ ចាប់ពីថ្នាក់ក្រោមរហូតដល់ថ្នាក់ជាតិ និងស្ថាប័នធំរបស់រដ្ឋាភិបាលមានចំនួន ៤៧០គ្រួសារ ប៉ុន្តែដីនោះឥឡូវបានក្លាយជាចំការអំពៅអស់ហើយ ដោយគ្មានដំណោះស្រាយអ្វីជួនពួកគាត់សោះ ហើយប្រជាពលរដ្ឋ កាលរស់នៅលើដីទំនាស់នោះ ក៏មានការទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋានផងដែរ។
តំណាងអាជ្ញាធរ ខេត្តកំពង់ស្ពឺ បានចេញមកទទួលយកសំណើររបស់ក្រុមប្រជាពលរដ្ឋ ហើយសន្យាយកបញ្ហានេះ ជំរាបជូនទៅលោកអភិបាលខេត្ត ដើម្បីមានចំណាត់តាមភាពជាក់ស្តែង ហើយប្រជាពលរដ្ឋបានលើកតែបញ្ហា ៣ចំណុចប៉ុណ្ណោះ ទី១-ស្នើសុំឱ្យលោកអភិបាលខេត្តហាមឃាត់ក្រុមហ៊ុនចំការអំពៅផ្អាកការសាងសង់របងថ្ម ទី២-ស្នើឱ្យអាជ្ញាធរជួយដោះស្រាយបញ្ហា ទំនាស់របស់ពួកគាត់ឱ្យបានឆាប់រហ័ស និងទី៣-ចង់ដឹងអំពីដំណើនីតិវិធី របស់អាជ្ញាធរទៅលើបណ្តឹងពួកគាត់ដែលបានដាក់ជួនថ្មីៗនេះដំណើរការដល់ណាហើយ ហេតុអ្វីបានស្ងាត់ឈឹងបែបនេះ។
បន្ទាប់ពីអាជ្ញាធរខេត្ត ទទួលយកសំណើររបស់ពួកគាត់ ដើម្បីដាក់ជូនលោកអភិបាលខេត្ត ដើម្បីមានចំណាត់តាមនីតិវិធីនោះ ពួកគាត់បានត្រឡប់ទៅផ្ទះវិញ ដោយអាជ្ញាធរសន្យាថា ព្យាយាមរកដំណោះស្រាយជូនតាមច្បាប់៕
មតិយោបល់