ភ្នំពេញៈ កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញ សហការជាមួយនិងនគរបាលខណ្ឌមានជ័យ បានធ្វើការចាប់ឃាត់ខ្លួនជនសង្ស័យប្រុស ស្រីចំនួន ៣នាក់ (ប្រុសម្នាក់ ស្រី ២នាក់) ដោយធ្វើការដកហូតបានថ្នាំញៀនចំនួន ៥កញ្ចប់ធំ ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀនមួយនៅផ្ទះសំណាក់មួយកន្លែងដែលមានយីហោ «ណាវី»។
ប្រតិបត្តិការនេះដែរបានធ្វើឡើងកាលពីវេលាម៉ោង ១ និង ៣០នាទីរសៀល ថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ ២០១៧ នៅបន្ទប់លេខ ២០៦ ជាន់ទី ២ ផ្ទះសំណាក់ ណាវី ដែលស្ថិតនៅលើផ្លូវជាតិលេខ ២ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។
តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលម្នាក់បានប្រាប់ឱ្យដឹងថា ជនសង្ស័យដែលបានឃាត់ខ្លួនមានឈ្មោះ សុន ពិសិដ្ឋ ភេទប្រុស អាយុជាង ២០ឆ្នាំ មុខរបរជាងកាត់សក់ និង សាក់រូប មានទីលំនៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល និង នារីវ័យក្មេងចំនួន២នាក់ទៀត មិនត្រូវបានស្គាល់អត្តសញ្ញាណឡើយ។
មុនពេលឈានទៅដល់ការចុះប្រតិបត្តិការបង្ក្រាបគ្រឿងញៀនខាងលើនេះដែរ គឺបានធ្វើឡើងក្រោយពីមានការស្រាវជ្រាវរបស់កម្លាំងជំនាញរបស់ការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញ ទើបឈានទៅដល់ការចុះបង្ក្រាបគ្រឿងញៀននៅក្នុងផ្ទះសំណាក់ដែលមានយីហោ ណាវី ខាងលើនេះ ដោយធ្វើការដកហូតថ្នាំញៀនចំនួន ៥កញ្ចប់ធំល្មម រួមទាំងវត្ថុតាងមួយចំនួនទៀតផងដែរ។
ក្រោយពីការចុះបង្ក្រាបគ្រឿងញៀននៅក្នុងផ្ទះសំណាក់យីហោ ណាវី ដោយបានធ្វើការឃាត់ខ្លួនក្រុមជនសង្ស័យប្រុស ស្រីចំនួន ៣នាក់ខាងលើ រួមទាំងថ្នាំញៀនចំនួន ៥កញ្ចប់ធំល្មម ជាវត្ថុតាងក៏បានបញ្ជូនទៅកាន់ការិយាយ័យប្រឆាំងគ្រឿងញៀននៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ជាបន្តទៅទៀត៕
មតិយោបល់